ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​បិទ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្រុមហ៊ុន​ផលិត​យានយន្ត​ដ៏​មាន​ឥទ្ធិពល​ពីរ​នៃ​សេដ្ឋកិច្ច​​អាល្លឺម៉ង់​គឺ Volkswagen និង​ក្រុមហ៊ុន​គីមី BASF កំពុង​ពង្រីក​ការវិនិយោគ​ដ៏​ធំ​សម្បើម​របស់​ពួកគេ​នៅ​ប្រទេស​ចិន​។​

​ក្រុមហ៊ុន Volkswagen ដែល​មាន​រោងចក្រ​ជាង ៤០ នៅក្នុង​ប្រទេស​ចិន​បាន​ប្រកាស​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ដើម្បី​កែសម្រួល​ម៉ូ​ដែល​រថយន្ត​តាម​បំណងប្រាថ្នា​របស់​អតិថិជន​ចិន​ជាមួយនឹង​​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូចជា​ម៉ាស៊ីន​ចាក់​ខារ៉ាអូខេ​ក្នុង​ផ្ទៃ​តាប្លូ​ជាដើម ហើយ​នឹង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​រោងចក្រ​ផលិត​ជាច្រើន​កន្លែង​ទៀត​។​

​វា​គឺជា​ផ្នែក​មួយ​នៃ​ប្រធានបទ​ដែល​បាន​បង្ហាញ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០២២ ៖ “​នៅក្នុង​ប្រទេស​ចិន​ដើម្បី​ប្រទេស​ចិន​”​។​

​ក្រុមហ៊ុន BASF ដែល​មាន​រោងចក្រ​ចំនួន ៣០ នៅក្នុង​ប្រទេស​ចិន កំពុង​ជំរុញ​គម្រោង​ការចំណាយ​ប្រាក់​ចំនួន ១០ ពាន់​លាន​អឺរ៉ូ​លើ​អគារ​ផលិតកម្ម​គីមី​ថ្មី​មួយ​ដែល​នឹង​ប្រជែង​ខាង​ទំហំ​ជាមួយនឹង​​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង​លូដ​វី​ក​សា​ហ្វិន (Ludwigshafen) ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រហែល ១០ គីឡូម៉ែត្រ​ការ៉េ​។​

​នៅ​ទូទាំង​ប្រទេស​អាល្លឺម៉ង់ នាយក​ប្រតិបត្តិ​ទាំងអស់​សុទ្ធតែ​បានដឹងថា ការវិនិយោគ​បែបនេះ​គឺ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាម៉េរិក​ដើម្បី​ដាក់ចិន​ឱ្យ​នៅ​ឯកោ​ខាង​សេដ្ឋកិច្ច​។​ពួកគេ​បាន​​ប្រកែក​តវ៉ា​ថា ប្រាក់​ចំណូល​ពី​ប្រទេស​ចិន​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​ដើម្បី​បន្ត​រីកចម្រើន​និង​លូតលាស់​នៅ​អឺរ៉ុប​។​

​លោក ម៉ា​ទីន ប្រូឌ័​រមូលល័​រ (Martin Brudermuller) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន BASF បាន​និយាយថា​ប្រាក់​ចំណូល​ពី​ចិន​បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ការខាតបង់​ពី​ការចំណាយ​លើ​​ថាមពល​ខ្ពស់​និង​ច្បាប់​បរិស្ថាន​ដ៏​តឹងរ៉ឹង​របស់​អឺរ៉ុប​។​

​លោកប្រូឌ័​រមូលល័​រ​បានប្រាប់​អ្នកយកព័ត៌មាន​នៅក្នុង​សន្និសីទ​ស្តី​ពី​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​លោក​កាលពី​ខែ​កុម្ភៈ​ថា “​បើ​គ្មាន​អាជីវកម្ម​នៅ​ក្នុងប្រទេស​ចិន​ទេ​ការរៀបចំ​រចនា​សម្ពន្ធ​ចាំបាច់​​ឡើង​វិញ​នៅ​ទីនេះ​នឹង​មិន​អាច​ទៅរួច​ទេ​”​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Volkswagen លួច​ទទួល​ស្គាល់​ជា​លក្ខណៈ​ឯកជន​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ក៏​កំពុង​យក​ស្ទីល​ស្រដៀង​គ្នា​នេះ​ដែរ​។ តម្លៃ​ថាមពល​និង​កម្លាំង​ពលកម្ម​ខ្ពស់​បាន​ធ្វើឱ្យ​​ក្រុមហ៊ុន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការលក់​ពី​ប្រទេស​ចិន​ដើម្បី​ជួយ​ទប់ទល់​នឹង​ការលក់​ខាត​នៅ​អឺរ៉ុប​។​

​ឥឡូវ​ទំនាក់ទំនង​អាជីវកម្ម​កាន់តែ​ជិតស្និទ្ធ​នេះ​កំពុង​ស្ថិត​ក្រោម​ការពិនិត្យ​ពិច័យ​នៅក្នុង​ទីក្រុង​ប៊ែរ​ឡាំង​។​

​ក្នុង​ប៉ុន្មាន​ខែ​មកនេះ តាម​ការជំរុញ​របស់​អធិការបតី អូ​ឡា​ហ្វ សូ​ល សំណើ​គោលនយោបាយ​មួយ​បាននិងកំពុង​ធ្វើ​ឱ្យ​ក្រសួង​អាល្លឺម៉ង់​ទាំងឡាយ​កំណត់​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​ប្រទេស​នេះ​ជាមួយ​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​។​គោលបំណង​គឺ​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​រវាង​ការធ្វើ​ពិពិធ​កម្ម​ទំនាក់ទំនង​របស់​អាល្លឺម៉ង់​នៅ​ទូទាំង​អាស៊ី ដើម្បី​ចៀសវាង​ការពឹងផ្អែក​លើ​ការ​នាំចូល​ពី​ចិន​ខណៈ​​ទទួលស្គាល់​សារៈសំខាន់​នៃ​ការធ្វើ​អាជីវកម្ម​ជា​មួយ​ចិន​។​

​រដ្ឋបាលបៃដិ​ន​បាន​សន្យាថា​ធ្វើឱ្យ​សហរដ្ឋអាម៉េរិ​កកាន់​តែ​មាន​ការប្រកួតប្រជែ​ង​ជាមួយចិន​ដោយ​ការពង្រីក​ហេដ្ឋារចនាសម្ពន្ធ​និង​ផលិតកម្ម​របស់​អាម៉េរិ​ក​ជាជាង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​ថ្មី​។​

​សមាជិក​សភា​និង​អ្នកដឹកនាំ​ធុរកិច្ច​អាល្លឺម៉ង់​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ទំនាក់ទំនង​របស់​ពួកគេ​ជា​មួយ​ចិន​មាន​អត្ថន័យ​ជាង​ពេលណាៗ​ទាំងអស់ ពោលគឺ ៖ បើកចំហ​ចំពោះ​ពាណិជ្ជកម្ម​ដ៏​ខ្លាំងក្លា ខណៈ​ព្យាយាម​ធ្វើ​ពិពិធ​កម្ម​ទៅ​កាន់​ទីផ្សារ​អាស៊ី​ផ្សេងទៀត​។​វា​គឺជា​គោលនយោបាយ​មួយ​ដែល​កំពុង​ត្រូវបាន​បង្កើតឡើង​បន្ទាប់​ពី​ឆ្នាំ​ដ៏​ជូរ​ចត់​នៅពេល​ដែល​រុស្ស៊ី​បិទ​ការនាំចេញ​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ជា​វិធានការ​មួយ​ដែល​បាន​រំលឹក​ដល់​សមាជិក​សភា​អំពី​ការខាតបង់​ចំពោះ​ការពឹងផ្អែក​លើ​ប្រទេស​ផ្តាច់ការ​សម្រាប់​វត្ថុ​ធាតុ​ចាំបាច់​សម្រាប់​ឆ្អឹងខ្នង​ឧស្សាហកម្ម​របស់​ខ្លួន​។​

​ក្នុងករណី​ប្រទេស​ចិន បញ្ហា​ធំ​មួយ​គឺ​ការពឹងផ្អែក​របស់​អាល្លឺម៉ង់​លើ​ការ​នាំចូល​ពី​ចិន​។​

​អាល្លឺម៉ង់​ពឹងផ្អែក​លើ​ចិន​ក្នុង​ការផ្តល់​នូវ​ផលិតផល​បច្ចេកវិជ្ជា​សំខាន់ៗ រួម​ទាំង​ទូរស័ព្ទដៃ​និង​អំពូល LED ក៏ដូចជា​វត្ថុធាតុដើម​នានា រួម​ទាំង​លី​ចូ​ម​និង​សារធាតុ​កម្រដ​ទៃ​ទៀត​ជាច្រើន​។​ទាំងនេះ​គឺ​មាន​​សារៈសំខាន់​ចំពោះ​ផែនការ​របស់​អាល្លឺម៉ង់​ក្នុង​ការផ្លាស់ប្តូរ​ទៅកាន់​ថាមពល​ស្អាត​និង​ការដឹកជញ្ជូន​។​

​លោកស្រី កា​ទ្រី​ន កា​មីន (Katrin Kamin) នាយក​នៃ​គំនិត​ផ្តួចផ្តើម​គែ​ល (Kiel) ផ្នែក​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច បាន​និយាយថា​ការពឹងផ្អែក​បែបនេះ​ត្រូវតែ​ពិចារណា​យ៉ាង​ប្រុង​ប្រ​​យ័​ត្ន ខណៈ​អាល្លឺម៉ង់​គិត​បែប​យុទ្ធសាស្ត្រ​អំពី​ទំនាក់ទំនង​នាពេល​អនាគត​របស់​ខ្លួន​ជាមួយ​ចិន​។ ការកាត់បន្ថយ​ទំនាក់ទំនង​របស់​ខ្លួន​ឆាប់ៗ​ពេក​មិនមែនជា​ជម្រើស​សម​ហេតុផល​ទេ​។​

​លោក​ស្រី​និយាយថា “​អាល្លឺម៉ង់​នឹង​មិន​អាច​បន្ធូរបន្ថយ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន​ក្នុងពេល​ដ៏​ខ្លី​បាន​ទេ​។ ការពឹងផ្អែក​លើ​ចិន​គឺ​មាន​ទំហំ​ធំធេង​ពេក​ក្រៃ​”៕

​ក្រុមហ៊ុន Volkswagen មាន​រោងចក្រ​ជាង ៤០ នៅ​ប្រទេស​ចិន