ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិថៃ Rajamangala នៃទីក្រុងបាងកក ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបានដង្ហែ ដោយមានការចូលរួម ដោយមានថ្នាក់ដឹកនាំ និងកីឡាករ- កីឡាការិនី ចូលរួមសរុបប្រមាណជិត ៤០០ នាក់ ។
ពិធីដង្ហែ មានការដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេស ចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានេះ មានការចូលរួមពីលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងលោក Dato’Seri Chaiyapak Siriwat អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិ សហព័ន្ធកីឡាអាស៊ី អាគ្នេយ៍ និងមានមន្ដ្រីជាន់ខ្ពស់អូឡាំពិក ប៉ារ៉ាឡាំពិក ជាច្រើន ចូលរួមទៀតផង។
កម្ពុជា បានចាត់ទុក ឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យ ដ៏សំខាន់ និងជាឆ្នាំដ៏ល្អ សម្រាប់ទេសចរ មកទស្សនាកម្ពុជា ហើយកម្ពុជា ក៏បានដាក់ចេញ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣» គ្រប់ថ្ងៃ សុទ្ធតែអច្ឆរិយៈ។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា»។
ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅពេលនេះ បានជំរុញឲ្យប្រទេសកម្ពុជា-ថៃ មានសហប្រតិបត្តិការរួមគ្នា លើវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ វិស័យទេសចរណ៍ថែមទៀត ។
លោក Vitch Davahasdin អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកថៃ បានគូសបញ្ជាក់ដែរថាៈ ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅថៃនេះ មិនត្រឹមតែជាកិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ក្នុងការចូលរួម និងគាំទ្រ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្ដែក៏បានបង្ហាញឲ្យឃើញពីការត្រៀម ខ្លួនរបស់ប្រទេសថៃ ក្នុងការបញ្ជូនកីឡាកររបស់ខ្លួន ដើម្បីចូលរួមប្រកួត ក៏ដូចជា ផ្សព្វផ្សាយ និងជំរុញឲ្យប្រជាជនថៃ បានដឹង និងចូលរួមតាមដាន ព្រមទាំងផ្ញើការ លើកទឹកចិត្ត ដល់ក្រុមកីឡាថៃ។
លោកបានមានប្រសាសន៍ថាៈ «កីឡា បង្កើតសុខភាពល្អ ជូនប្រជាជន និងជួយ ឲ្យមានការត្រៀមខ្លួន ក្នុងការប្រកួតផងដែរ» ៕ V / N