ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) កាលពីថ្ងៃចន្ទទី១៧មេសាបានសម្តែងការដឹងគុណចំពោះប្រទេសប្រេស៊ីលសម្រាប់វិធីសាស្ត្ររបស់ខ្លួនក្នុងការជំរុញឱ្យមានការបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន ជាកិច្ចខិតខំប្រឹងប្រែងមួយដែលបានធ្វើឱ្យរដ្ឋាភិបាលក្រុងគៀវនិងលោកខាងលិចខឹងសម្បាហើយនៅត្រឹមរសៀលថ្ងៃដដែលបានជំរុញឱ្យមានការរិះគន់ខ្លាំងខុសពីធម្មតាពីសេតវិមាន។
ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) បានបដិសេធមិនផ្តល់អាវុធដល់អ៊ុយក្រែន ខណៈស្នើសុំបង្កើតក្លិបប្រទេសនានារួមទាំងប្រេស៊ីលនិងចិន ដើម្បីសម្របសម្រួលសន្តិភាព។
កាលពីថ្ងៃអាទិត្យ លោកលូឡាបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi)ថា ប្រទេសពីរ ទាំងរុស្ស៊ីនិងអ៊ុយក្រែន បានសម្រេចចិត្តធ្វើសង្គ្រាមហើយមួយថ្ងៃមុននេះនៅទីក្រុងប៉េកាំងបានលោកនិយាយថា សហរដ្ឋអាម៉េរិកត្រូវតែបញ្ឈប់ “ជំរុញ” ការបន្តការប្រយុទ្ធគ្នា ហើយចាប់ផ្តើមពិភាក្សាអំពីសន្តិភាព។ កាលពីដើមខែនេះលោកបានស្នើឱ្យអ៊ុយក្រែនយល់ព្រមបាត់បង់ទឹកដីគ្រីម៉េដើម្បីបញ្ចប់សង្គ្រាម តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោក អូឡេក នីកូឡិនកូ (Oleg Nikolenko) និងអ្នកផ្សេងទៀតបានទាត់ចោល។
បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីលកាលពីថ្ងៃចន្ទ លោកឡាវរ៉ូវបានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា លោកខាងលិចបានចូលរួមក្នុង “ការតស៊ូដ៏ស្វិតស្វាញ”ដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក រួមទាំងសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ។
អង្គុយក្បែរសមភាគីប្រេស៊ីលរបស់គាត់លោក មូរ៉ូ វីអេរ៉ា (Mauro Vieira) លោកឡាវរ៉ូវបាននិយាយថា “សម្រាប់ដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន យើងមានអំណរគុណចំពោះមិត្តប្រេស៊ីលរបស់យើងសម្រាប់ការយល់ដឹងដ៏ល្អរបស់ពួកគេអំពីដើមហេតុនៃស្ថានភាពនេះ។ យើងសូមអរគុណ (ពួកគេ) សម្រាប់ការខិតខំរួមចំណែកស្វែងរកមធ្យោបាយដោះស្រាយវា”។
ការអត្ថាធិប្បាយថ្មីៗរបស់លោកលូឡា ជាពិសេសការស្តីបន្ទោសណាមួយចំពោះអ៊ុយក្រែនសម្រាប់ការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ គឺផ្ទុយទៅនឹងជំហរដែលប្រកាន់យកដោយសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ហើយរាល់ការពិភាក្សាអំពីបទឈប់បាញ់ត្រូវបានចាត់ទុកថាជាឱកាសសម្រាប់រុស្ស៊ីក្នុងការប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញសម្រាប់ការវាយលុកសាជាថ្មី។ លោកហ្សេលេនស្គីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAPកាលពីខែមុនថា ការចាញ់ត្រង់កន្លែងណាមួយនៅដំណាក់កាលនេះក្នុងសង្គ្រាមអាចធ្វើឱ្យសន្ទុះប្រយុទ្ធដ៏លំបាករបស់អ៊ុយក្រែនប្រឈមនឹងហានិភ័យ។
ចំណែកលោកវីអេរ៉ាបានប្រាប់អ្នកយកព័ត៌មានថា ប្រេស៊ីលមើលឃើញថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីគឺជាការបង្កផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ហើយថាប្រេស៊ីលគាំទ្របទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។
បន្ទាប់ពីកិច្ចប្រជុំនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន កឺប៊ី (John Kirby) បានរិះគន់វិធីសាស្ត្ររបស់ប្រេស៊ីលចំពោះសង្គ្រាមនិងសម្រាប់មន្ត្រីរបស់ខ្លួនដែលបានជួបលោកឡាវរ៉ូវនិងលោក វ្ល៉ាឌីមៀ ពូទីន ដោយផ្ទាល់ ខណៈមកទល់ពេលនេះគ្រាន់តែនិយាយទៅកាន់មន្ត្រីអ៊ុយក្រែនតាមទូរស័ព្ទប៉ុណ្ណោះ។
លោកកឺប៊ីបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា “ប្រេស៊ីលបាននិយាយអំពីបញ្ហានេះយ៉ាងសំខាន់និងដោយវោហាសាស្ត្រ ដើម្បីបង្ហាញថាសហរដ្ឋអាម៉េរិកនិងអឺរ៉ុបមិនចាប់អារម្មណ៍ចំពោះសន្តិភាព ឬថាយើងចែករំលែកការទទួលខុសត្រូវចំពោះសង្គ្រាមនេះ។ ក្នុងករណីនេះ ប្រេស៊ីលកំពុងក្លាយសេកឃោសនារបស់រុស្ស៊ីនិងចិន ដោយមិនសម្លឹងមើលការពិតអ្វីទាំងអស់”។
លោកកឺប៊ីបាននិយាយថា រដ្ឋបាលបៃដិនសង្ឃឹមថាលោកលូឡានិងអ្នកផ្សេងទៀតនឹងជំរុញឱ្យរុស្ស៊ី “បញ្ឈប់ការទម្លាក់គ្រាប់បែកលើទីក្រុងនានា មន្ទីរពេទ្យ និងសាលារៀនរបស់អ៊ុយក្រែន បញ្ឈប់ឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅ ហើយនិយាយដោយត្រង់ទៅ ឱ្យដកកងកម្លាំងរុស្ស៊ីចេញពីអ៊ុយក្រែន”៕
លោកឡាវរ៉ូវ (ស្តាំ) និងលោកវីអេរ៉ាជួបគ្នានៅប្រេស៊ីលកាលពីថ្ងៃចន្ទ