ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ការ៉ុត (Carrot ) មានឈ្មោះវិទ្យាសាស្ត្រ Daucus Carota L មានប្រភពដើម នៅទ្វីបអឺរ៉ុប ជារុក្ខជាតិមើម ដែលគេដាំនៅតាមតំបន់ត្រជាក់ ឬតំបន់ភ្នំ។ ចំពោះប្រជាជនខ្មែរយើង និយមប្រើប្រាស់មើមការ៉ុត ធ្វើជាបន្លែ និងអន្លក់។
បើយោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៣ ថា៖ បើតាមលក្ខណៈរូបសាស្ត្រ មើមការ៉ុត ជារុក្ខជាតិ តិណជាតិ (herbaceous) អាចរស់បាន ២ ឆ្នាំ។ ដំបូង ឫសធំចាក់ទៅ ក្នុងដី ក្រោយមក មានឫសខ្លីតូចៗច្រើន ចេញពីឫសធំ។ ឫសធំ ក្លាយជាដើម មានពណ៌លឿងទឹកក្រូច ដែលគេបរិភោគបាន។ តួដើម មានកម្ពស់ ៣០-៨០ ស.ម ។ ផ្នែកក្រោមនៃតួដើម មានស្លឹកច្រៀកយ៉ាងជ្រៅ ជិតដល់ទ្រនុង ហើយតម្រៀបជាស្និត (pinnatisect)។
ផ្កាពណ៌ស ផ្គុំជាកញ្ចុំរាងឆត្រតូចៗ (umbellules) កញ្ចុំផ្កាឆត្រតូចៗ ផ្តុំគ្នាជាកញ្ចុំឆត្រធំ (umbel) នៅកណ្តាលកញ្ចុំ អាចមានផ្កាពណ៌ក្រហម ឬពណ៌ត្នោត ដោយសារមានជាតិ អង់តូស្យានីន (anthocyanins)។ ផ្កាទ្វេភេទ មានត្របកផ្កា៥ ស្រទាប់ផ្កា៥ កេសរឈ្មោល៥ កេសរញី២។ ផ្លែស្ងួត ២ជាប់គ្នា (di-achene) កោង។ គ្រាប់មាន ទ្រនុងជុំវិញ។
លក្ខណៈជីវសាស្ត្រ៖ ឫសធំនៃរុក្ខជាតិនេះ ក្លាយទៅជាដើម ដោយសារនៅពេល ដុះចេញពីគ្រាប់ ផ្នែកស្លឹក ដែលនៅក្នុងដី បានរីកធំ ហើយផ្ទុកជាតិស្ករ ក្នុងកោសិកា ធ្វើឱ្យមើម មានរសជាតិផ្អែម បង្គួរ ។ រុក្ខជាតិនេះ ដុះល្អលើដីសើម ល្មមមានខ្សាច់ មានជី តែគ្មានដីឥដ្ឋ ដុំក្រួស ដុំថ្ម និងគ្មានទឹកដក់ ។
ចំពោះការប្រើប្រាស់ ដូចជា៖
*ជាបន្លែ៖ មើមការ៉ុត ប្រើជាបន្លែក្នុងសម្លស្ងោរ ស៊ុប ជ្រក់ និងអន្លក់។
*ជាឱសថ៖ មានអត្ថប្រយោជន៍ យ៉ាងប្រសើរ ចំពោះសុខភាពភ្នែកមនុស្ស ដោយសារមានសារធាតុ បេតាការ៉ូតែន (caroten)៕ V / N