ដោយៈ គង់ហេង/ កំពង់ចាម៖ ករណីទន្លេតូចស្រុកកោះសូទិន ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តកំពង់ចាម គឺក្រោយពីកាយស្តារអាចម៍ដីរបស់ទំនប់កាត់ទន្លេនេះ បើកលំហូរទឹកជូនប្រជាពលរដ្ឋបានប្រើប្រាស់ ដោយរក្សាស្ថានភាពដើម នៃទន្លេឡើងវិញនោះ គឺនឹងសាងសង់ស្ពានបេតុងជំនួសជូនប្រជាពលរដ្ឋធ្វើដំណើរ។ នេះជាប្រសាសន៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅចំពោះមុខប្រជាពលរដ្ឋខណៈដែលលោកបាន ដឹកនាំសហការី និងមន្រ្តីជំនាញចុះសិក្សា គម្រោងសង់ស្ពាន និងពិនិត្យសកម្មភាពគ្រឿងចក្រ កើបជញ្ជួនអាចម៍ដីចេញពីបាតទន្លេតូចនៅព្រឹកថ្ងៃទី ១៨ ខែមេសានេះ។
លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា នេះជាដំណោះស្រាយឈ្នះទាំងអស់គ្នា គឺប្រជាពលរដ្ឋនៅផ្នែកខាងក្រោមទន្លេតូចបានទឹកប្រើប្រាស់ ហើយប្រជាពលរដ្ឋទាំងអស់ទទួលបានស្ពានបេតុងសង់ថ្មីនៅចំទីតាំងគ្រឿងចក្រកំពុងកាយយកអាចម៍ដីចេញនេះ បានធ្ងើដំណើរឆ្លងកាត់ ដែលជាជំនួយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុម វិបុល ប្រធានមន្ទីឬធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមបានដែលអមដំណើរអភិបាលខេត្តឱ្យដឹងថា ដំណើរការស្តារយកអាចម៍ដីចេញ នៃទំនប់ឆ្លងកាត់ទន្លេតូច គឺសម្រេចបានមួយចំហៀងត្រើយខាងកើតឃុំពង្រហើយ និងកំពុងដំណើរសកម្មភាព នៅត្រើយម្ខាងទៀត ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានបន្តថាៈ ក្រោមការណែនាំ និងចង្អុលបង្ហាញរបស់លោក លឹម គានហោ ជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការសម្របសម្រួលលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង,មន្ទីរជំនាញនានាក្នុងខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
គួររំលឹកថា អាចម៍ដីជាទំនប់ កាត់ទន្លេតូច នៅទីតាំងខាងលើ ជាការចាក់លប់យកផ្លូវធ្វើដំណើរ ហើយក៏បណ្តាលឱ្យស្ទះផ្លូវទឹកហូរ ខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោមទំនប់នេះ ហើយក៏ផ្ទុះការតវ៉ា ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍កាយទំនប់ចេញឱ្យហូរ ដើម្បីបានទឹកប្រើប្រាស់ឡើងវិញ ទើបបានជាមានចំណាត់ការកាយស្តារទន្លេតូច ហើយនឹងទទួលបានស្ពានបេតុងជាអំណោយរបស់សម្តេចតេជោ៕/R