ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Volkswagen បានដាក់តាំងបង្ហាញរថយន្តអគ្គិសនីប្រណីតៗជាច្រើន ដែលបំពាក់អាគុយដែលមានថាមពលអាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ ខណៈក្រុមហ៊ុនផលិតរថយន្តរបស់ពិភពលោកនិងចិនបានបង្ហាញរថយន្តប្រភេទ SUV, Sedan និង Muscleស៊េរីថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារទី១៨មេសានៅឯពិព័រណ៍រថយន្តដ៏ធំបំផុតរបស់ពិភពលោក។
ពិព័រណ៍ Auto Shanghai 2023 ឆ្លុះបញ្ចាំងពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងរហ័សរបស់ចិនបន្ទាប់ពីបក្សកុម្មុយនីស្តកាន់អំណាចបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការលើកកម្ពស់បច្ចេកវិជ្ជានេះ។ ប្រទេសចិនមានចំណែកពីរភាគបីនៃការលក់អគ្គិសនីពិភពលោកកាលពីឆ្នាំមុន។
ម៉ាកល្បីៗរួមមាន General Motors, BMW និង Nissan និងគូប្រជែងរបស់ចិន BYD Auto និង NIO បានដាក់បង្ហាញរថយន្ត EV ថ្មីរាប់សិបប្រភេទនៅក្នុងមជ្ឈមណ្ឌលតាំងពិរព័ណ៍ក្រុងសៀងហៃ។ ម៉ាកនានាសុទ្ធតែអួតអំពីការសាកអាគុយលឿនជាងមុន ប្រព័ន្ធរុករកផ្លូវផ្អែកលើផ្កាយរណប និងការកម្សាន្តនានា ព្រមទាំងលទ្ធភាពនៃបច្ចេកវិជ្ជាបើកបរដោយខ្លួនឯងនាពេលអនាគត។
រថយន្តបែប Sedan គឺ ID.7 របស់ Volkswagen ដែលជាម៉ូដែលរថយន្តអគ្គិសនីប្រណីតស៊េរីថ្មីរបស់ខ្លួន គឺជាម៉ូដែលមួយក្នុងចំណោមរថយន្ត ២៨ ម៉ូដែលដែលបានបង្ហាញដោយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ ដែលពាក់កណ្តាលនៃរថយន្តទាំងនោះគឺដើរដោយថាមពលអគ្គិសនី។
លោក ថូម៉ាស សាហ្វើ (Thomas Schäfer) នាយកប្រតិបត្តិនៃម៉ាករថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន VW ដែលជិះកូនឡានក្រុងអគ្គិសនីមកកាន់ឆាក បាននិយាយថា “យើងកំពុងប្រើម៉ាស៊ីន Turbo-Charging សម្រាប់យុទ្ធនាការរថយន្តអគ្គិសនីរបស់យើង”។
ក្រុមហ៊ុនផលិតរថយន្តនានាកំពុងសម្លឹងមើលប្រទេសចិនដើម្បីជំរុញកំណើននៃការលក់ ខណៈតម្រូវការនៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុបធ្លាក់ចុះខ្លាំង ប៉ុន្តែនោះតម្រូវឱ្យពួកគេវិនិយោគដើម្បីបង្កើតម៉ូដែលប្រកួតប្រជែងនៅក្នុងទីផ្សារដ៏ចង្អៀត។ ម៉ាកយីហោសកលល្បីៗប្រឈមមុខនឹងសម្ពាធពីក្រុមហ៊ុនចំណូលថ្មីរបស់ចិនដែលមានមហិច្ឆតាខ្ពស់ និង ត្រូវបំពេញតាមកូតាការលក់របស់រដ្ឋាភិបាលសម្រាប់រថយន្តអគ្គិសនី។ ក្រុមហ៊ុនជាច្រើនកំពុងបង្កើតភាពជាដៃគូដើម្បីបន្ថយថ្លៃចំណាយលើការអភិវឌ្ឍដែលកំពុងកើនឡើង៕
រថយន្តអគ្គិសនីចំនួន ២៨ ម៉ូដែល បានតាំងបង្ហាញនៅពិព័រណ៍ Auto Shanghai 2023 នៅថ្ងៃអង្គារនេះ