ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តចុះ គូសគំនូសចែកទ្រូងផ្លូវ អ៊ុតគំនូសសញ្ញាចរាចរណ៍ លុបសំបុកមាន់ និងស្តាប្រព័ន្ធ លូ នៅតាមកំណាត់ផ្លូវជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជា ពលរដ្ឋ និងផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់។

គិតចាប់ពីថ្ងៃទី ៦-១៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប បាត់ដំបង កំពង់ចាម ព្រះវិហារ បន្ទាយមានជ័យ រតនគិរី ត្បូងឃ្មុំ និងរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ យ៉ាងសកម្ម ដោយបានចុះគូសគំនូសចែកទ្រូងផ្លូវ អ៊ុតគំនូស សញ្ញាចរាចរណ៍ លាបថ្នាំបង្គោលគីឡូម៉ែត្រ ប៉ះចិញ្ចើមផ្លូវ លុបសំបុកមាន់ និងធ្វើប្រព័ន្ធលូ លើកំណាត់ផ្លូវជាតិ មួយចំនួន រួមមាន ផ្លូវលេខ៣៣A លេខ៥ លេខ៥៧B លេខ៥៧B២ លេខ៧ លេខ៧០ លេខ៧១ លេខ៥ លេខ៦ លេខ៥៦D លេខ៧៦ លេខ៧៨ លេខ៧៨-៥ លេខ៨ លេខ៧២ ដោយបានបន្ត ការជួសជុលថែទាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ និងចំណេញពេលវេលា។

ទន្ទឹមនឹងផ្លូវស្អាត ក្រសួងបានស្នើបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវ មកធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់​ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់ ដើម្បីរក្សាផ្លូវថ្នល់ ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់ បានយូរអង្វែង៕ V / N