ដោយៈ បូកគោ / កំពត: មន្ត្រីនៃគណ:កម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិ ខណៈបម្រែបម្រួលអាកាសធាតុ បាននិងកំពុងកើតឡើង ជាសាកល។

នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការកាកបាទក្រហម កម្ពុជា សាខាខេត្តកំពត បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ជិត១០០គ្រួសារ ក្នុងក្រុងបូកគោ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នាពេលថ្មីៗនេះ។

ថ្លែងក្នុងពិធីខាងលើ លោកស្រី យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មា ធិការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន ដោយសារបម្រែបម្រួលអាកាសធាតុ ជាសាកល បានធ្វើឱ្យភូមិសាស្ត្រមួយចំនួន កើតមានគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ ភ្លៀងផ្គររន្ទះ ទឹកជំនន់ជាបន្តបន្ទាប់។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់​ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀស ពីករណីគ្រោះថ្នាក់ ឬការខាតបង់ទ្រព្យសម្បត្តិផ្សេងៗ។

លោកស្រី អនុប្រធាន បានបន្តថាៈ ជាមួយអាកាសធាតុ ក្តៅហួតហែង ដូចសព្វថ្ងៃ ពុកម៉ែបងប្អូន ក៏ត្រូវប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យផងដែរ។ បន្ថែមលើនេះ សូមប្រជាពលរដ្ឋទាំងអស់ ប្រកាន់ខ្ជាប់នូវអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕ V / N