ដោយៈ សុផល/ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សា ហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងនេះ។ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញនិងក្រុមការងារសាជីវកម្មហិរញ្ញវត្ថ អន្តរជាតិ ជាច្រើនរូបផងដែរ។
ថ្លែងសុន្ទរកថាទៅកាន់អង្គពិធី លោកទេសរដ្ឋមន្ត្រី បង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (FASA) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នាឱកាសនេះដោយហេតុថាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មនឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការសម្រួលដល់ការដឹកជញ្ជូនទំនិញនិងសេវាកម្មពីអ្នកផលិតទៅអ្នកប្រើប្រាស់ព្រមទាំងមានប្រសិទ្ធភាពអាចជួយ កាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនលទ្ធភាពទទួលបានផលិតផល និងបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា នេះជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មលើកទី២ ហើយ ដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានអនុវត្ត បន្ទាប់ពីគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលនៅបាវិត និងប៉ោយប៉ែតផងដែរ។
លោក ទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាយើងគ្រោងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយដែលអាចផ្តល់សេវាភ័ស្តុភារកម្មពីប្រទេស កម្ពុជា ទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមជម្រាបជូនថា មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC)គឺជាមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពមួយក្នុងចំណោមមជ្ឈមណ្ឌល ភ័ស្តុភារអាទិភាពចំនួនពីរដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ចំពោះមជ្ឈមណ្ឌលនេះត្រូវបានកំណត់នៅក្នុងផែនការមេភ័ស្តុភារកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតភ្ជាប់ទៅមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex)ដែលគម្រោងទាំង នេះនឹងជួយផ្លាស់ប្តូរមុខមាត់នៃប្រតិបត្តិការដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់បានកាន់តែប្រសើរ ព្រមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាបានកាន់តែច្រើន ដែលនេះនឹងបើកឱកាសដល់ការប្រកួតប្រជែង និងសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិរួមចំណែកយ៉ាង សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕/R