ដោយៈប.ខុន/ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុបានអំពាវនាវដល់សាធារណជនឱ្យជួយរាយការណ៍មកសមត្ថកិច្ចប្រសិនបើបងប្អូនបានឃើញបានដឹងមុខជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿនដែលទង្វើបំផ្លាញផង និងបង្ករគ្រោះថ្នាក់ ដល់អ្នកដំណើរផង។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣បានបង្ហោះរូបភាពស្តីពីការបំផ្លិចបំផ្លាញរបាំងសុវត្ថិភាពនៃផ្លូវល្បឿនលឿនជាច្រើនសន្លឹកអមទៅដោយសំណេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថាការកសាងជាការលំបាក មានជនតាមបំផ្លាញ គឺកាន់តែលំបាកថែមទៀត ។ មានជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿនទង្វើនេះបំផ្លាញផង បង្ករគ្រោះថ្នាក់ ដល់អ្នកដំណើរផង។ បងប្អូនណា បានឃើញ បានដឹង អំពីជននេះ សូមជួយរាយការណ៍មកសមត្ថកិច្ច។
លោកគួច ចំរើន បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅថ្ងៃទី១៩ខែមេសាថាទង្វើបែបខាងលើកើតមានច្រើនដងហើយនិងនៅលើកនេះកើតមាននៅចន្លោះគីឡូម៉ែត្រលេខ១៧២។ កន្លងទៅរបងលួសបន្លានៅសងខាងផ្លូវនេះក៏មានគេលួចកាត់ដើម្បីឱ្យគោចូលដែរ។ លោកថានឹងផ្តល់ការលើកទឹកចិត្តដល់អ្នកណាដែលបានឃើញជនបំផ្លិចផ្លាញទ្រព្យ សម្បត្តិខាងលើ។ P / N