ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ម្សិសមិញនេះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត លំនៅឋាន ចំនួន ៦០ គ្រួសារ រស់នៅក្នុងឃុំចំនួន៤ នៃស្រុកបន្ទាយស្រី រួមមាន ឃុំរុនតាឯក ឃុំព្រះដាក ឃុំរំចេក និងឃុំឃុនរាម បានទទួលអំណោយ ជាស័ង្កសី ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីធ្វើការ ជួសជុលលំនៅដ្ឋានឡើងវិញ។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថាៈ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី មានភ្លៀង និងខ្យល់ កន្ត្រាក់បក់ខ្លាំង ដែលបណ្ដាលឲ្យរបើកជញ្ជាំង ដំបូលផ្ទះ និងរំលំផ្ទះទាំងស្រុង របស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន៥ ស្មើនឹង ៦២ខ្នងផ្ទះ ខណៈកន្លងមកក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ក៏បានជួយជួសជុលលំនៅដ្ឋាន ជូនប្រជាពលរដ្ឋ ដែលរងផល់ប៉ះពាល់ ដោយសារគ្រោះមហន្តរាយធម្មជាតិ ក្នុងភូមិធម្មជាតិរុនតាឯកថ្មី បានចំនួន ១៤ ខ្នង ផងដែរ ។
លោកអភិបាលស្រុកបន្ទាយស្រី បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារតែហេតុការណ៍នេះ គឺគ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ ព្រមទាំងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ក្នុងរដូវនេះ ជាពិសេសការថែទាំសុខភាព រកកន្លែងសុវត្តិភាព ពេលមានភ្លៀង ផ្គរន្ទះ និងខ្យល់កន្ត្រាក់ ជៀសវាងគ្រោះថ្នាក់ ដល់អាយុជីវិត និងស្នើសុំបងប្អូនទាំងអស់ ដាំដើមឈើ នៅតាមលំនៅដ្ឋាន រៀងៗខ្លួន ដើម្បីបានជាម្លប់ និងការពារខ្យល់កន្ត្រាក់។
សម្រាប់ប្រជាពលរដ្ឋរងគ្រោះ មកពីឃុំទាំង៤ ទទួលបានស័ង្កសី សរុបទាំងអស់ ៧៦១សន្លឹក ក្នុងនោះ ឃុំឃុនរាម មាន១៤គ្រួសារ ទទួលបានស័ង្កសី ១១៥ សន្លឹក, ឃុំរំចេក ១គ្រួសារ ទទួលបានស័ង្កសី ២៥សន្លឹក, ឃុំព្រះដាក់ ១២គ្រួសារ ទទួលបានស័ង្កសី ៩៨សន្លឹក និងឃុំរុនតាឯក ៣៣គ្រួសារ ទទួលបានស័ង្កសី ៥២៣ សន្លឹក៕ V / N