ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ The 10th ASEAN School Games

1120
ចែករម្លែក

ដោយ ​: រ៉ូ​ហ្សា /​ភ្នំពេញ ​: នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ ក្រុម​កីឡាករ​-​កីឡាការិនី វ័យក្មេង​កម្ពុជា បានចេញ​ដំណើរ ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដែលជា​កន្លែង​ប្រព្រឹត្តិ​ទៅ នៃ​ការប្រកួត​កីឡា ក្នុង​ព្រឹត្តិការណ៍ The 10th ASEAN School ។​

នេះបើតាមលោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង​កីឡា លោក​ប៉ុន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា បាន​ជូន​ដំណើរ​ក្រុម កីឡាករ​-​កីឡាការិនី និង​ប្រតិភូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

​លោក​ព្រំ ប៊ុណ្ណ​យី នាយ​បេសកកម្ម សម្រាប់​ក្រុម​កម្ពុជា និង​ជា​អគ្គលេខាធិការរង សហព័ន្ធ​កីឡា សិស្ស​-​និស្សិត​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា នេះ​ជា​ចក្ខុវិស័យ​របស់ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា លោក ហង់​ជួន ណា​រ៉ុ​ន ដែល​តម្រូវ​ឲ្យ​បញ្ជូន​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ​ថ្នាល ទៅ​ចូលរួម​ប្រកួត ដើម្បី​វាស់​ពី​កម្រិត​សមត្ថភាព របស់​ពួកគេ ។ ពួកគេ​ជា​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ​ថ្នាល​មែន តែ​ពួកគេ​មាន​អាយុ​ក្រោម ១៨ ឆ្នាំ ហើយ​កំពុង​សិក្សា នៅតាម​បណ្ដា​គ្រឹះស្ថាន​មធ្យមសិក្សា​នានា ។​
​ ​

លោក អ៊ុក សិទ្ធិ​ជា ដែលជា​អគ្គនាយក​កីឡា និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​កម្ពុជា បញ្ជាក់ថា ការ​ចេញទៅ​ប្រកួត​នេះ ក្រោម​ការចំណាយ​ទាំងស្រុង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ កីឡា​ចំនួន ៤ ប្រភេទ ដែល​ត្រូវ​ទៅនោះ មាន​វាយ​កូនឃ្លី​លើ​តុ អត្តពលកម្ម ហែល​ទឹក និង វាយ​សី ។​
​ ​

លោក ព្រំ ប៊ុណ្ណ​យី បាន​បន្តថា នេះ​ជា​លើក​ទី​៣ ហើយ ដែល​កម្ពុជា​បញ្ជូន​កីឡាករ​-​កីឡាការិនី ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​នេះ​។ ការ​ចេញទៅ​ប្រកួត​លើក​នេះ សម្រាប់​ប្រភេទ​កីឡាអត្តពលកម្ម ដែលមាន​កីឡាករ ៤ រូប កីឡាការិនី ៤ រូបនោះ គឺ​លេង​វិញ្ញាសា​រត់​បណ្ដាក់ បុរស​-​នារី រត់១០០និង ២០០ម៉ែត្រ បុរស​-​នារី ។ រត់ ៤០០ ម៉ែត្រ បុរស រត់​១.៥០០​ម៉ែត្រ បុរស​-​នារី និង​រត់ ៣.០០០ ម៉ែត្រ ។​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ ដែលមាន​កីឡាករ ៤ រូប កីឡាការិនី ៣ រូបនោះ លេង​វិញ្ញាសា​វាយ ម្នាក់​ទល់​ម្នាក់ បុរស ២​នាក់​ទល់​២​នាក់ បុរស​វិញ្ញាសា​ក្រុម​បុរស និង​និង​ប្រកួត​ចម្រុះ ។ ប្រភេទ​កីឡា​វាយ​សី មាន​កីឡាករ​៦​រូប កីឡាការិនី ៤ រូប គឺ​លេង​វិញ្ញាសា​វាយ​គូ វិញ្ញាសា​វាយ​ទោល និង​ប្រកួត​ជា​ក្រុម ។ ប្រភេទ​កីឡាហែលទឹក​បញ្ជូន​កីឡាករ ៤ រូប និង កីឡាការិនី ៤ រូប ។​
​ ​

ប្រទេស​ដែល​ចូលរួម​ប្រកួត មាន​ចំនួន ១០ ដោយ​ទី​ម័​រ​ខាងកើត អវត្តមាន ។ ប្រភេទ​កីឡា ដែល​ដាក់​ឲ្យ​ប្រកួត ក៏មាន ១០ ដែរ គឺ​អត្តពលកម្ម ហែល​ទឹក វាយ​សី កាយសម្ព័ន្ធ បាល់បោះ Netball Squash វាយ​កូនឃ្លី​លើ​តុ បាល់ទះ និង​សី​ប៉ាក់​តា​ក្រ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម