ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ថៃនឹងពន្យារពេលការយកថ្លៃសេវាចូលប្រទេសលើអ្នកទេសចរចាប់ពីខែមិថុនាដល់កញ្ញា ដោយសារមានបញ្ហាជាមួយនឹងការអនុវត្តពន្ធនេះ។
កាសែតបាកកប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃពុធថា មានបញ្ហានៃការប្រមូលថ្លៃសេវាម្នាក់៣០០បាត(៨,៧១ដុល្លារ)ពីអ្នកដំណើរដែលជិះយន្តហោះចូលមកកាន់ទីតាំងទេសចរណ៍ពេញនិយមរបស់អាស៊ីអាគ្នេយ៍មួយនេះ នៅពេលបណ្តាក្រុមហ៊ុនអាកាសចរណ៍មិនព្រមសហការ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា បានប្រាប់កាសែតថៃខាងលើថា បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅតែចចេសអនុវត្តដូចកាលពីមុនលើអ្នកដំណើរទាំងអស់ ផ្អែកលើបទបញ្ញត្តរបស់គេ។ក្រសួងកាលពីមុនបានប្រកាសថា ពន្ធនេះនឹងបន្ថែមលើថ្លៃសំបុត្រយន្តហោះ។
រដ្ឋាភិបាលថៃបានបញ្ជាក់ថា ខ្លួនរំពឹងថានឹងយកប្រាក់បានមកពីថ្លៃសេវាទេសចរណ៍នេះសំរាប់ផ្តល់ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ដោយចៃដន្យសំរាប់អ្នកដំណើរក្នុងអំឡុងពេលពួកគេស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ។វាក៏យកទៅប្រើសំរាប់ការអភិវឌ្ឍភាពទាក់ទាញទេសចរណ៍ផងដែរ។
យោងតាមទិន្នន័យមកពីក្រសួងទេសចរណ៍និងកីឡា ថៃបានទទួលភ្ញៀវទេសចរជាងពីរលាននាក់ក្នុងមួយខែរវាងខែធ្នូឆ្នាំ២០២២ និងខែកុម្ភៈឆ្នាំ២០២៣ ចាប់តាំងពីប្រទេសនេះដកចេញការរឹតបន្តឹងព្រំដែនទាំងអស់កាលពីខែតុលាឆ្នាំ២០២២និងបញ្ចប់ការតំរូវអោយអ្នកដំណើរអន្តរជាតិចាក់វ៉ាក់សាំងឬបង្ហាញថាអវិជ្ជមានកូវីដ១៩ ដើម្បីទទួលបានការអនុញ្ញាតអោយចូលប្រទេសថៃ៕
សារព័ត៌មានBloomberg ប៉ាន់ស្មានថា ភ្ញៀវទេសចរមកកាន់ប្រទេសថៃមានមានចំនួនដល់ទៅ៣០លាននាក់នៅឆ្នាំ២០២៣ ដោយកើនលើសឆ្នាំមុនជិតបីដង