ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែនកាលពីថ្ងៃពុធទី១៩ មេសាដើម្បីជួយយោធារបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី រួមទាំងគ្រាប់បន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ហាយម៉ាស (HIMARS) មីស៊ីលទំនើប និងមីនប្រឆាំងរថក្រោះ។
វាជាកញ្ចប់ជំនួយសន្តិសុខទី ៣៦ សម្រាប់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ហើយបាននាំឱ្យជំនួយយោធាសរុបរបស់អាម៉េរិកសម្រាប់រដ្ឋាភិបាលក្រុងគៀវកើនដល់ទៅជាង ៣៥,៤ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីការបរទេសលោក អ៊ែនថូនី ប្លីងកិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កញ្ចប់ជំនួយផ្នែកសន្តិសុខនេះ រួមមានគ្រាប់ជាច្រើនទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS ដែលផ្តល់ដោយសហរដ្ឋអាម៉េរិកនិងគ្រាប់កាំភ្លើងធំ ព្រមទាំងប្រព័ន្ធប្រឆាំងរថពាសដែក អាវុធធុនតូច យានជំនិះដឹកជញ្ជូន និងជំនួយថែទាំដែលមានសារៈសំខាន់ក្នុងការពង្រឹងអ្នកការពារអ៊ុយក្រែននៅលើសមរភូមិ”។
HIMARS គឺជាជើងទម្របាញ់កាំជ្រួចដែលបំពាក់លើរថយន្តធុនធ្ងន់មួយ ដែលអាចបាញ់មីស៊ីលនាំផ្លូវបានច្រើនគ្រាប់ជាបន្តបន្ទាប់។ មីស៊ីលដែលបានផ្គត់ផ្គង់ដល់អ៊ុយក្រែនមានរយៈចម្ងាយរហូតដល់ ៨០ គីឡូម៉ែត្រ ហើយកងកម្លាំងអ៊ុយក្រែនបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រើប្រាស់វាដើម្បីកំណត់លើគោលដៅរបស់រុស្ស៊ី។
លោកប្លីងកិនបាននិយាយថា “រុស្ស៊ីអាចបញ្ចប់សង្គ្រាមរបស់ខ្លួននៅថ្ងៃនេះ។ ដរាបណារុស្ស៊ីបន្តសង្គ្រាម សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តនិងដៃគូរបស់យើងនឹងនៅតែរួបរួមជាមួយអ៊ុយក្រែនជាដរាប”។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ក្រៅពីគ្រាប់សម្រាប់ HIMARS កញ្ចប់ជំនួយនេះរួមមានគ្រាប់កាំភ្លើងធំ មីស៊ីលនាំផ្លូវ TOW មីនប្រឆាំងរថក្រោះ ឧបករណ៍សន្តិសុខកំពង់ផែនិងគ្រាប់សម្រាប់អាវុធធុនតូចជាង ៩ លានគ្រាប់៕
HIMARS គឺជាជើងទម្របាញ់កាំជ្រួចដែលបំពាក់លើរថយន្តធុនធ្ងន់មួយ ដែលអាចបាញ់មីស៊ីលនាំផ្លូវបានច្រើនគ្រាប់ជាបន្តបន្ទាប់។កម្លាំងអ៊ុយក្រែនបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រើប្រាស់វាដើម្បីកំណត់លើគោលដៅរបស់រុស្ស៊ី។