​រឿង “​ស្នូរ​ជើង​អ្នកណា​?” គុណភាព​មិន​ចាញ់​រឿង​បរទេស​

1778
ចែករម្លែក

​ដោយ​ : ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញ​ : ​បន្ទាប់ពី​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​រួចមក រឿង​ខ្លាច​បែប​រន្ធត់​ព្រឺព្រួច ព្រោះតែ​គំនុំ នៅក្នុង​រឿង “​ស្នូរ​ជើង​អ្នកណា​” ត្រូវបាន​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ កាលពី​រាត្រី​ថ្ងៃទី​១៨ កក្កដា ២០១៨ នៅ​រោងភាពយន្ត Major Cineplex អី​អន​ម៉​លពីរ ក្រោម​វត្តមាន ពី​អ្នក​ផលិត​កុន​ល្បីៗ និង​ប្រធាន​សមាគមន៍​ភាពយន្ត​ផងដែរ​។

​ ​សាច់រឿង​ទាំងមូល​ត្រូវបាន​អ្នកទស្សនា ជាច្រើនរូប បាន​លាន់មាត់​សរសើរ​ថា ពិត​ជាមាន​ភាពរន្ធត់​ស្ទើរតែ​មិន​ហ៊ាន​ដកដង្ហើម​ពិតមែន ព្រោះ​ប្លង់​នៃ​រឿង​នីមួយៗ គឺមាន​ភាពស៊ីសង្វាក់​គ្នា អីចឹង​អ្នក​ដែល​បាន​ចូល​ទស្សនា ពិតជា​មិន​ហ៊ាន​ក្រោក​ដើរចេញ ព្រោះ​ខ្លាច​ដាច់​ប្លង់​ដែល​ជាប់ចិត្ត​។

​ ​ភាពយន្ត​នេះ ស្ដែងឡើង​ពី​សាច់រឿង​គ្រួសារ​មួយ​ដែល​ហ៊ាន​ទិញ​ពោរពេញ​ដោយ​អាថ៌កំបាំង ហើយ​គ្រួសារ​នេះ និង​មនុស្ស​ពាក់ព័ន្ធ​ក៏​សម្លាប់​ដោយ​វិញ្ញាណ​កាច​សាហាវ​។ មួយ​រឿងនេះ អ្វីដែល​គេ​សរសើរ​គឺមាន​សាច់រឿង​បង្កប់​ដោយ​អាថ៌កំបាំង ទស្សនា​ដល់​ពាក់កណ្ដាល​រឿង​ទៅ ហើយ នៅតែ​ទាយ​ដំណោះស្រាយ​រឿង​មិនទាន់​ដឹង​។

​ ​លោក សែម វិសាល ផលិតករ​រឿង​បាន​អះអាងថា នេះ​ជា​ភាពយន្ត​ដែល​លោក​ចំណាយ​ការនិពន្ធ និង​ផលិត​យ៉ាង​លំបាក ដោយ​ការចំណាយ​ដើមទុន​ក៏​ច្រើន​នោះដែរ ទម្រាំ​ផលិតភាព​យន្ត​រឿង «​ស្នូរ​ជើង​អ្នកណា​» បាន​ដោយ​ជោគជ័យ​។ លោក​បន្តថា​មួយ​រឿងនេះ គឺធ្វើឡើង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ និង​ចង់អោយ​អ្នក​ធ្លាប់តែ​វាយតម្លៃថា​ភាពយន្ត​ខ្មែរ​ខ្វះ​គុណភាព និង​មើលទៅ​មិនល្អ​មើល ផ្លាស់ប្ដូរ​ឥរិយាបទ និង​ការគិត​របស់​ពួកគេ​។

​ ​រឿង “​ស្នូរ​ជើង​អ្នកណា​?” នឹង​សម្រេច​ដាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​១៩ កក្កដា តទៅ ក្រោម​ការ​ចែកចាយ​ផ្ដាច់មុខ ដោយ​ក្រុមហ៊ុន​ពូ​ព្រហ្ម​។ លោក​រំពឹងថា​ភាពយន្ត​នេះ ក៏​នឹង​ស៊ីលុយ​មិន​អន់​ជាង រឿង «​ផ្ទះ​ចិញ្ចឹម​ខ្មោច​» ដែល​ទើប​កើប​លុយ​ក្នុងពេល​ដាក់​បញ្ចាំង​នោះ​ប៉ុន្មាន​ទេ​។ នៅក្នុង​ពិធី​សម្ពោធ​រឿង​«​ស្នូរ​ជើង​អ្នកណា​?»​នោះ លោ​កថា​ក្រៅ​ចូលរួម​ដោយ​តួ​សម្ដែង​យ៉ាងច្រើន​កុះករ ក៏មាន​វត្តមាន​ផលិតករ និង​ក្រុម​តារាៗ​ជាច្រើន​ផងដែរ ជាពិសេស​គឺ​ក្រុម​តារា​មកពី​«​គ្រួសារ​តារា​កម្ពុជា​»​តែម្ដង​៕B


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ