ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសកូរ៉េខាងត្បូងបាននិយាយថា តារា K-POP មូនប៊ីន (Moonbin) អាយុ២៥ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះល្វែងរបស់ខ្លួន ដោយសង្ស័យធ្វើអត្តឃាត។
ទូរទស្សន៍ YonHapNews បានរាយការណ៍ថា អ្នកគ្រប់គ្រងរបស់គាត់បានប្រទះឃើញរូបគេស្លាប់នៅក្នុងផ្ទះនៅសង្កាត់ហ្គាងណាំគូ (Gangnam-gu) នៃទីក្រុងសេអ៊ូល នៅម៉ោង ៨៖១០ នាទីយប់ថ្ងៃពុធ ទី១៩ មេសា។
តារាចម្រៀង តារាសម្តែង អ្នករាំ និងជាតារាបង្ហាញម៉ូតរូបនេះ ត្រូវគេស្គាល់ក្នុងនាមជាសមាជិកក្រុមចម្រៀងបុរស Astro និងក្រុមរងរបស់ខ្លួន គឺ មូនប៊ីននិងសានហា (Moonbin និង Sanha)។
រូបគេត្រូវបានប្រទះឃើញស្លាប់ បន្ទាប់ពីរូបគេមិនបានបង្ហាញខ្លួនសម្រាប់ការហាត់សម។
កើតមកមានឈ្មោះថា មូន ប៊ីន (Moon Bin) រូបគេគឺជាផ្នែកមួយនៃក្រុមដើមដំបូងសម្រាប់ Astro ដោយបង្ហាញខ្លួនជាលើកដំបូងជាមួយតារាចម្រៀងប្រាំនាក់ផ្សេងទៀតក្នុងឆ្នាំ ២០១៦។
បទចម្រៀងល្បីៗរបស់ក្រុមនេះរួមមាន Candy Sugar Pop, All Night, Crazy Sexy Cool និង Blue Flame ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើ Instagram របស់ក្រុម Astro ដែរនោះ ផលិតកម្ម Fantagio Music របស់ក្រុមនេះ បាននិយាយថា “នៅថ្ងៃទី ១៩ ខែមេសា សមាជិកក្រុម Astro មូនប៊ីន បានលាចាកពីពួកយើងភ្លាមៗ ហើយបានក្លាយជាតារានៅលើមេឃ”។
ពួកគេបានបន្ថែមថា ពិធីបុណ្យសពនឹងប្រព្រឹត្តទៅស្ងាត់ៗដោយមានមិត្តភក្តិ ក្រុមគ្រួសារ និងសហការីរបស់គាត់ចូលរួម។
មូនប៊ីនក៏ជាបងប្រុសរបស់តារា K-pop នាង មូន ស៊ូអា (Moon Sua) របស់ក្រុមចម្រៀង Billie ផងដែរ៕
មូនប៊ីនស្លាប់ក្នុងផ្ទះកាលពីថ្ងៃពុធ