លោក ម៉ែន វិបុល ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​នៅ​ច្រកចេញចូល​តែមួយ​ខេត្ត

991
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍​ដោយបាន ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា តាមរយៈ​យន្តការ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត​វិញ ដោយ​មិនត្រូវ​ទទួល​ពាក្យស្នើសុំ​សេវា​នៅ​មន្ទីរ​បន្តទៀត​នោះទេ បន្ទាប់ពី​អង្គភាព​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​។ លោក​មានប្រសាសន៍​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត នាពេលនេះ គឺជា​សមិទ្ធផល​ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពជោគជ័យ​ថ្មី​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​ការ​បង្ខិត​សេវា​ឲ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើប្រតិភូកម្ម​អំណាច​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ យន្តការ​ទាំងពីរ​នេះ នឹងធ្វើ​ឲ្យ​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ ត្រឹមត្រូវ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព​។

​ទន្ទឹមនេះ លោក ម៉ែន វិបុល បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ប្រធាន អនុប្រធាន និង​មន្ត្រី​ជួរមុខ មន្ត្រី​ជួរ​ក្រោយ នៃ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត ត្រូវខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​បានល្អ​ប្រសើរ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ជាពិសេស​ត្រូវ​មានការ​សហការ និង​សាមគ្គីភាព​គ្នា​រវាង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​។

​ជា​ចុងបញ្ចប់ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​តម្រូវការ​ផ្នែក​សេវា​ដែល​ពាក់ព័ន្ធ​នឹង វិស័យ និង​ការងារ ទាំង ១៤ រួមមាន វិស័យ​សុខាភិបាល វិស័យ​ទេសចរណ៍ វិស័យ​សាធារណការ និង​ដឹកជញ្ជូន វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ វិស័យ​ព័ត៌មាន វិស័យ​បរិស្ថាន វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការងារ​នីត្យានុកូលកម្ម និង​ការងាររដ្ឋបាល សូម​មក​ទទួល​សេវា​នៅក្នុង​អង្គភាព​ច្រកចេញ​តែមួយ​ខេត្ត ហើយ​ឯកឧត្ដម​ក៏បាន​ស្នើ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​តាមរយៈ​យន្តការ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត​វិញ ដោយ​មិនត្រូវ​ទទួល​ពាក្យស្នើសុំ​សេវា​នៅ​មន្ទីរ​បន្តទៀត​នោះទេ បន្ទាប់ពី​អង្គភាព​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម