ដោយ: បូកគោ / កែប: មកដល់បច្ចុប្បន្ន គម្រោងស្ថាបនាមណ្ឌលខ្សែរ៉ក ខេត្តកែប សម្រេចបានប្រមាណ ៨០ ភាគរយហើយ។រមណីយដ្ឋានបែបទំនើប ខ្នាតអន្តរជាតិនេះ នឹងបើកទទួលភ្ញៀវ ឱ្យចូលលេងសប្បាយ នាអំឡុងពេល ៣ ខែខាងមុខ។ តាមរយៈសមិទ្ធផលថ្មី ខេត្តកែប អាចមានសមត្ថភាព ស្រូបទាញ ភ្ញៀវទេសចរ ចូលមកលម្ហែកម្សាន្ត កាន់តែច្រើន។
លោក ហេង តារា ម្ចាស់មណ្ឌលកម្សាន្តខ្សែរ៉កខេត្តកែប បានរៀបរាប់ថាៈ បច្ចុប្បន្ន គម្រោងស្ថាបនាមណ្ឌលលម្ហែខ្សែរ៉ក ដែលមានអាហាដ្ឋាន ចំណតយានយន្ត បន្ទប់អនាម័យ សួនកម្សាន្តពោងលេងទឹក សម្រេចបានប្រមាណ ៨០ ភាគរយ ហើយ។ ចំណែកផ្នែកខ្លះនៃខ្សែរ៉ក នៅខាងលើឧទ្យានជាតិកែប សម្រាប់សកម្ម ភាពលេងកម្សាន្ត ជាង ៣០ ប្រភេទនោះ ក្រុមការងារ បានធ្វើរួចរាល់ប្រមាណ ជាង ៥០ ភាគរយ ពោលគឺ នៅតែការបំពាក់ខ្សែកាប ពីចំណុចកំពូលភ្នំ ឆ្ពោះមកចុងពយម្ខាងទៀត នៃឆ្នេរសមុទ្រ និងបញ្ហាបច្ចេកទេមួយចំនួនទៀត ប៉ុណ្ណោះ។
ម្ចាស់មណ្ឌលកម្សាន្តដដែល បានសម្តែងក្តីរំពឹងថាៈ តាមរយៈគម្រោងខ្សែរ៉កនេះ ខេត្តកែប នឹងអាចទាក់ទាញភ្ញៀវទេសចរ មកលម្ហែកម្សាន្ត កាន់តែច្រើនបន្ថែម ទៀត។
សូមបញ្ជាក់ថា មណ្ឌលសម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍នេះ មានការប្រើប្រាស់ ឧបករណ៍ សម្ភារនាំមកពីទ្វីបអឹរ៉ុប ជាមួយប្រព័ន្ធសុវត្ថិភាព ប្រកបដោយគុណភាព និងធានាភាពសុខសាន្ត សម្រាប់ភ្ញៀវ ១០០ ភាគរយ៕/V-PC