ដោយ:បូកគោ/កំពត: ក្រុមកីឡាករទូកកម្ពុជាបានបង្កើនការហ្វឹកហាត់ទ្វេដងដើម្បីដណ្តើមយកមេដាយជូនជាតិពីព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ស្របពេលដែលការប្រកួតនៅតែ១៥ថ្ងៃទៀតប៉ុណ្ណោះ។
លោក ហ៊ លីដា ជំនួយការគ្រូបង្វឹកកីឡាករទូកកម្ពុជាបានប្រាប់ឱ្យដឹងថា ដោយសារថ្ងៃនៃការប្រកួតកាន់តែខិតជិតមកដល់ ពេលនេះការហ្វឹកហាត់របស់ក្រុមកីឡាករទូកបានបង្កើនម៉ោង និងសកម្មភាពហ្វឹកហាត់កាន់តែច្រើន ហើយខ្លាំងក្លាជាងមុន។ ជាការកត់សម្គាល់ កាយសម្បទា ភាពអំណត់ ការគ្រប់គ្រងដង្ហើម ក៏ដូចជាចង្វាក់បេះដូងរបស់កីឡាករនីមួយៗមានស្ថានភាពល្អប្រសើរជាងមុន។

ជំនួយការគ្រូបង្វឹករូបនោះបានបញ្ជាក់ថា សមាជិកក្រុមទាំងមូលសង្ឃឹមថាពួកខ្លួននឹងដណ្តើមយកមេដាយជូនជាតិមិនឱ្យខកបំណងឡើយ។ មកដល់ពេលនេះ កីឡាករទាំង៣៥នាក់ និងគ្រូបង្វឹក ព្រមទាំងជំនួយការ៣រូបបាន និងកំពុងខិតខំបន្ថែម ហើយសង្កេតឃើញថាសន្ទុះកម្លាំង និងល្បឿននៃការអុំទូកបានល្អជាងមុនច្រើន។
សូមបញ្ជាក់ថា មកដល់ថ្ងៃនេះ ការរៀបចំគ្រប់យ៉ាង ទាំងទីតាំងឆ្នេរ និងវេទិកានៅបរិវេណទីលានកីឡាលើទឹកខេត្តកំពតសម្រាប់ពិធីប្រកួតជិតសម្រេចរួចរាល់ហើយ។ នៅតាមដងផ្លូវមានការដាក់បញ្ជរបង្ហាញទីតាំងនៃការប្រកួតកីឡាទូកផងដែរ។ កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ក៏បានរៀបចំរួចរាល់ និងបានដាក់កម្លាំងត្រៀមជាបណ្តើរៗហើយ។
សូមរំលឹកថា ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំទីលានប្រកួតកីឡាទូកនៅខេត្តកំពតកន្លងទៅនេះ មន្ត្រីជំនាញបានប្រាប់ឱ្យដឹងថាសហព័ន្ធកីឡាកម្ពុជាបានទទួលចុះឈ្មោះប្រទេសចំនួន៨ដែលមកចូលរួមប្រកួតលើវិញ្ញាសាកីឡាទូកដោយមានប្រតិភូ និងកីឡាករអន្តរជាតិចំនួន២៨៨នាក់៕srn​ / N