ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃរសៀល ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ លើកទី៣១ ដែលពិធីនេះ បានប្រារព្ធធ្វើឡើង នៅទីស្នាក់ការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្វាយរៀង។
ពិធីនេះក៍មានកាចូលរួមពីលោក លោកស្រីតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងគោលបំណង ដើម្បីរកនូវប្រភពធនធាន សម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់ បាន តាមរយៈការជាវសន្លឹកឆ្នោត។ ការលក់សន្លឹកឆ្នោត មានរយៈពេល ៣០ ថ្ងៃ តាមការបែងចែកទៅតាម ក្រុង ស្រុក ទាំង ៨ និងតាមមន្ទីរ អង្គភាពនានា ក្នុងខេត្ត ។ ចំពោះថវិកាដែលទទួលបានពីការចំណេញ ក្នុងសេវាកម្មនេះ សាខា នឹងផ្តល់ជូនទៅអនុសាខា ទាំង ៨ ក្រុង ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតប ដល់ជនរងគ្រោះមហន្តរាយ នៅតាមសហគមន៍របស់ខ្លួន។
មុនចេញលទ្ធផលឆ្នោត លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានមាន ប្រសាសន៍ថា: អស់រយៈពេល ១៤ ឆ្នាំ កន្លងផុតទៅ ចាប់ពីឆ្នាំ ២០០៧-២០២៣ ជារៀងរាល់ឆ្នាំ សាខាបានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ មានចំនួន ២ លើក ក្នុង ១ ឆ្នាំ ក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាឱកាសឱ្យមន្រ្តី រាជការ បុគ្គលិក និងប្រជាជនយើង បានចូលរួមចំណែក ក្នុងសកម្មភាពមនុស្ស ធម៌ តាមរយៈការទិញសន្លឹកឆ្នោត និងផ្សងសំណាងត្រូវរង្វាន់វត្ថុអនុស្សាវរីយ៍។
លោកស្រី បានបន្តថាៈ ដោយហេតុនេះហើយ បានសាខាដាក់ចេញនូវផែនការ សកម្មភាពប្រចាំឆ្នាំនីមួយៗ ស្របតាមយុទ្ធសាស្រ្ត នៃវិស័យអាទិភាពទី៤ នៃកាកបាទក្រហមកម្ពុជា គឺការអភិវឌ្ឍន៍ស្ថាប័ន ការចេញឆ្នោតនេះ មិនមែន សម្រាប់ក្រុមហ៊ុន ឬបុគ្គលណាម្នាក់នោះឡើយ គឺអនុវត្តក្នុងចលនាកាកបាទ ក្រហម នៃការងារកៀរគរកមូលនិធិ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ នៅថ្នាក់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុក ទាំង ៨ ។
ក្នុងនាមលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា លោកស្រី សូមសំដែង នូវការអបអរសាទរ ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹក នាំ និងមន្រ្តីរាជការ បុគ្គលិកកងកម្លាំងទាំងបី ប្រជាពលរដ្ឋ នៅតាមក្រុងស្រុក ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងតែបានជួយគាំទ្រ និងទិញសន្លឹកឆ្នោត វត្ថុអនុស្សាវរីយ៍ ក្នុងគោលបំណងចូលរួមចំណែក ធ្វើវិភាគទានតាមលទ្ធភាព ទោះតិច ឬច្រើនតាមឆន្ទៈផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ផង និងការផ្សងសំណាង ត្រូវរង្វាន់ផង ។ នេះជាកាយវិការដ៏ល្អប្រពៃ គួរឳ្យកោត សរសើរ និងមានមោទនភាពណាស់ សម្រាប់ខេត្តស្វាយរៀងរបស់យើង ដែល ជានិច្ចកាល សាខាបានអនុវត្តតាមចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើពិភពលោកក្នុងការកៀរគរ រកធនធាន ក្នុងន័យមនុស្សធម៌ និងជាមគ្គុទេសក៍ ដឹកនាំដ៏ឧត្តុង្គឧត្តម របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសាខា បានដាក់ចេញជាប្រចាំ និងឯកភាពដោយទទួលយល់ ព្រម ពីគ្រប់អនុសាខាក្រុង ស្រុកទាំងអស់ យកទៅលក់ បានចំណូលទ្រទ្រង់ សកម្មភាពរបស់ខ្លួន ៕ V / N