ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកូរ៉េថ្មី បានបង្ហាញនូវឆន្ទៈខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈស្ថានទូតកូរ៉េ នៅកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ ជាពិសេស ទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ ឯកអគ្គរដ្ឋទូតកូរ៉េថ្មីនេះ ធ្វើឡើង បន្ទាប់ពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក ផាគ ជុងវូគ (PARK Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ក្នុងឱកាសដែលលោក ទើបកាន់តំណែងថ្មី។

ក្នុងពិធីនេះ លោក PARK Jung-Wook បានបញ្ជាក់ពីសេចក្តី សោមនស្សរីករាយ ដែលបានមកបំពេញការងារនៅកម្ពុជា ក្នុងការរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

លោក រដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក PARK Jung-Wook ដែលមានបទពិសោធន៍ និងជំនាញ ក្នុងការចូលរួមចំណែក ដល់មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពី កិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងប្រទេសទាំងពីរ ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ និងគម្រោង មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ រដ្ឋាភិបាលឌីជីថល និងមជ្ឈមណ្ឌលផ្ដល់ ព័ត៌មាន។

ក្នុងពិធីនេះដែរ លោក រដ្ឋមន្រ្តី បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ថា សាធារណរដ្ឋ កូរ៉េ នឹងបន្តជំរុញនិងលើកកម្ពស់ ដល់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្ម ឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗ សម្រាប់ការអនុវត្តគម្រោងមានផលជា វិជ្ជមានសម្រាប់ប្រទេសទាំងពីរផងដែរ៕ V / N