​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ទៅ​កាន់​ទីក្រុង​គៀវ​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ជាង​មួយ​ឆ្នាំ​មុន ប្រធាន​អង្គការ​ណា​តូ លោក ជែន​ ស្តូល​ធិន​បឺក (Jens Stoltenberg)​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មេសា​ថា “​ទី​កន្លែង​ត្រឹមត្រូវ​”​របស់​អ៊ុយ​ក្រែន​គឺ​ស្ថិត​ក្នុង​សម្ពន្ធភាព​យោធា​មួយ​នេះ​ហើយ​បាន​សន្យា​គាំទ្រ​បន្ថែមទៀត​​សម្រាប់​ប្រទេស​នេះ ។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ជំរុញ​ឱ្យ​លោក​ស្តូល​ធិន​បឺក ដែលជា​អ្នកដើរតួ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ការគាំទ្រ​ពី​សមាជិក​ណា​តូ​អំពាវនាវ​អោយមាន​ការគាំទ្រ​កាន់តែច្រើន​​ថែមទៀត​ពី​ពួកគេ រួម​ទាំង​យន្តហោះ​ចម្បាំង កាំភ្លើង​ធំ និង​រថពាសដែក​។​

​វិមាន​ក្រឹម​ឡាំង​បានផ្តល់​ហេតុផល​ជា​ច្រើន​សម្រាប់​ការ​ធ្វើ​សង្គ្រាម​ប៉ុន្តែ​បាន​និយាយ​ម្តង​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការរារាំង​អ៊ុយ​ក្រែន​ពី​ការចូលរួម​ក្នុងអ​ង្គ​ការ​ណា​តូ​នៅតែ​ជា​គោលដៅ​សំខាន់​នៃ​​ការ​លុកលុយ​របស់ខ្លួន ដោយ​លើក​ហេតុផល​ថា សមាជិកភាព​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​ក្នុង​សម្ពន្ធភាព​យោធា​នេះ​នឹង​បង្ក​ការគំរាមកំហែង​ដល់​រុស្ស៊ី​។​

​ក្រុម​មេដឹកនាំ​របស់​ណា​តូ​បាន​និយាយ​ក្នុង​ឆ្នាំ ២០០៨ ថា អ៊ុយ​ក្រែ​ននឹងចូលរួម​សម្ពន្ធ​ភាព​នេះនៅ​ថ្ងៃ​ណាមួយ ហើយ​លោក​ស្តូល​ធិន​បឺ​ក​បាន​សន្យា​ម្តងទៀត​ពេញ​មួយ​សង្គ្រាម​នេះ​ទោះបីជា​អង្គការ​នេះ​មិន​​បាន​បង្កើត​ផ្លូវ ឬ​កាលវិភាគ​សម្រាប់​សមាជិក​ភាព​ក៏ដោយ​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ខ្ញុំ​សូម​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា ទី​កន្លែង​ត្រឹមត្រូវ​របស់​អ៊ុយ​ក្រែន​គឺ​នៅក្នុង​គ្រួសារ​យូរ៉ូ​អា​ត្លង់​ទិក (Euro-Atlantic)​។ ទី​កន្លែង​ត្រឹមត្រូវ​របស់​អ៊ុយ​ក្រែន​គឺ​នៅក្នុង​អង្គការ​ណា​តូ​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា លោក​មាន​អំណរគុណ​ចំពោះ​ការអញ្ជើញ​មកកាន់​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​កាលពី​ខែ​កក្កដា​នៅ​ទីក្រុង​វី​ល​នៀ​ស (Vilnius) ប្រទេស​លី​ទុយ​អា​នី​ប៉ុន្តែ​បាន​​និយាយថា ប្រទេស​របស់​លោក​ត្រូវការ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​ក្លាយ​ជា​សមាជិក​។​

​លោក​បាន​និយាយថា “​ពេលវេលា​បាន​មក​ដល់​សម្រាប់​ក្រុម​មេដឹកនាំ (​សម្ពន្ធ​មិត្ត​) ដើម្បី​កំណត់​ការរំពឹង​ទុក​នៃ​ការទទួល​សមាជិកភាព​ណា​តូ​របស់​អ៊ុ​យក្រែន ដើម្បី​កំណត់​រូបមន្ត​នៃ​ចលនា​របស់​អ៊ុយ​ក្រែន​ឆ្ពោះទៅ​រក​គោលដៅ​នេះ និង​ដើម្បី​កំណត់​ការធានា​សន្តិសុខ​សម្រាប់​រដ្ឋ​របស់​យើង​សម្រាប់​អំឡុង​រយៈពេល​នៃ​ចលនា​បែបនេះ ពោលគឺ​សម្រាប់​អំឡុង​រយៈពេល​មុនពេល​ក្លាយ​ជា​សមាជិកភាព​ណា​តូ​”​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា គាត់​និង​លោក​ហ្សេ​លេន​ស្គី​បាន​ពិភាក្សា​អំពី​កម្មវិធី​គាំទ្រ​របស់​ណា​តូ​សម្រាប់​អ៊ុ​យក្រែន​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា “​នេះ​នឹង​ជួយ​អ្នក​ឱ្យ​ផ្លាស់ប្តូរ​ពី​ឧបករណ៍​និង​គោល​លទ្ធិ​នៃ​សម័យ​សូវៀ​ត​ទៅ​រក​ស្តង់ដា​រណាតូ និង​ធានា​ឱ្យមាន​អន្តរ​ប្រតិបត្តិការ​ពេញលេញ​ជា​មួយ​សម្ពន្ធមិត្ត​។ ណា​តូ​ឈរ​នៅ​ជាមួយ​អ្នក​នៅ​ថ្ងៃនេះ ថ្ងៃស្អែក និង​ជា​ដរាប​”​។​

​លោក​បាន​កត់សម្គាល់​កា​រ​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រទេស​ដា​ណឺម៉ា​ក​និង​ហូឡង់ថា ពួកគេ​មាន​គម្រោង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​រថក្រោះ​ប្រយុទ្ធ Leopard 2 ដែល​ត្រូវបាន​កែលម្អ​ឡើងវិញ​យ៉ាងហោច​ណាស់​ចំនួន ១៤ គ្រឿង​ទៀត​នៅ​ដើមឆ្នាំ ២០២៤៕

លោក​ស្តូល​ធិន​បឺក​ជួប​លោក​ហ្សេ​លេ​ន​ស្គីក្នុង​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍