ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ឃាតករដែលបានសម្លាប់នារី បម្រើការនៅកាស៊ីណូ ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងសមត្ថកិច្ច ខេត្តព្រះវិហារ ចាប់ខ្លួន បានហើយ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ពេលកំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែង។
សមត្ថកិច្ច បានប្រាប់ថាៈ ឃាតករ បានលេបថ្នាំសម្លាប់ខ្លួន ។ សមត្ថកិច្ច បាននាំ ខ្លួនឃាតក ទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលរួច នឹងធ្វើការសាកសួរ រឿង នៃការសម្លាប់ស្ត្រីរងគ្រោះ ដោយកាត់ក្បាល។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យ ជាឃាតករ ឈ្មោះ ឡោ គង់ហួរ ។
សូមរំលឹកថា ស្ត្រីបម្រើការនៅកាស៊ីណូ DYNASTY ត្រូវបានឃាតក សម្លាប់យ៉ាងសាហាវឃោរឃៅដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំង អាក្រាតកាយ។ ករណីឃាតកម្មនេះ បានកើតឡើងនៅរំលងអធ្រាត្រ វេលាម៉ោង ០០ៈ៤០នាទី ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ទាក់ទងករណីឃាតកម្មនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនឃាតករ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕/V/R