ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នៅទីបំផុតសមត្ថកិច្ចបានចាប់ខ្លួន លោក បែល វ៉ាន់ដែត អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យរបស់ចៅក្រមស៊ើបសួរ អ៊ុក រ៉េតគន្ធា ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ការចេញដីកាឲ្យចាប់ខ្លួននេះ គឺបន្ទាប់ពីមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រឿងចៅក្រមដោះលែងជននេះ ហើយនៅមុននេះបន្តិច សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានចេញអនុក្រឹត្យបញ្ចប់មមុខតំណែងលោក ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ពាក់ព័ន្ធនឹងករណីនេះ កន្លងមក សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថា “បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការសូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត”។
ទាក់ទងករណីនេះ លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានចោទប្រកាន់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញត និងបទគំរាមកំហែងថានឹងសម្លាប់។
ចំណែកលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ បែល វ៉ាន់ដែត អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាប់ចោទពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញត និងបទគំរាមកំហែងថានឹងសម្លាប់។
សូមជម្រាបថា សមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជូនខ្លួលោក បែល វ៉ាន់ដែត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើងភ្ជង់គំរាមលើគូរជម្លោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ បែល វ៉ាន់ដែត ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 ហើយជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ។
អំពីដំណើររឿង មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តពីខាងក្រោយរថយន្តជនសង្ស័យ រួចស៊ីផ្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឱ្យជនសង្ស័យបើករថយន្តដេញតាមរួចដកកាំភ្លើងភ្ជង់គំរាមរួចគេចខ្លូន ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់បាន នៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ពោលក្រោយកើតហេតុជាង១ម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ។ P / N