ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ សីតុណ្ហភាពក្តៅចង់ឆេះកំពុងវាយប្រហារអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ដោយកំដៅនៅកន្លែងខ្លះនៅរដ្ឋបឹងហ្កាល់ខាងលិចក្នុងប្រទេសឥណ្ឌាអាចចំអិនស៊ុតបាននៅពេលថ្ងៃត្រង់។
មន្ត្រីឧតុនិយមបានសង្កេតឃើញកំដៅ៤៥អង្សាសេនៅឥណ្ឌា ថៃ និងមីយ៉ាន់ម៉ា ហើយ៤២-៤៣អង្សាសេនៅបង់ក្លាដែស ឡាវ វៀតណាមនេប៉ាល់និងចិន។ទាំងនេះជាកំដៅដែលប្រទេសខ្លះមិនដែលធ្លាប់ជួបប្រទះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
មនុស្សនៅទូទាំងទ្វីបអាស៊ីកំពុងងាកទៅប្រើម៉ាស៊ីនត្រជាក់ឬកង្ហារខ្យល់ ឬចូលជ្រកក្នុងផ្សារធំៗនិងការិយាល័យខណៈអ្នកខ្លះបន់ស្រន់សុំអោយភ្លៀង។មានមនុស្សជាច្រើនក៏ស្លាប់ដោយកំដៅនិងសាលារៀនបិទទ្វារផងដែរនៅឥណ្ឌាដោយសារអាកាសធាតុក្តៅហើយចរន្តអគ្គិសនីកំពុងប្រើហួសលទ្ធភាពផ្គត់ផ្គង់នៅក្នុងប្រទេសអាស៊ីមួយចំនួន។
អ្នកប្រវត្តិសាស្ត្រខាងអាកាសធាតុ ម៉ាស៊ីមីលៀនណូ ហ៊ែររ៉េរ៉ា(Maximiliano Herrera)បាននិយាយថា ទ្វីបអាស៊ីកំពុងជួបរលកដំដៅអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
អ្នកជំនាញអាកាសធាតុនិងវិទ្យាសាស្ត្រ និយាយថា នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរភាពរាំងស្ងួតដ៏វែងមួយ ដែលទំនងជាជំរុញខ្លាំងឡើងដោយបាតុភូតអាកាសធាតុ El Ninoដែលនឹងកើតឡើងនៅចុងឆ្នាំ២០២៣។អាស៊ីនឹងត្រូវត្រៀមប្រឈមអាកាសធាតុក្តៅឡើងនៅពេលខាងមុខ។
យ៉ាងហោចណាស់មនុស្ស១៣នាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយការរងកំដៅនៅក្នុងរដ្ឋមហារ៉ាស្ត្រា( Maharashtra)របស់ឥណ្ឌាខាងលិចក្រោយមនុស្សប្រមាណមួយលាននាក់ចូលរួមពិធីកណ្តាលថ្ងៃក្តៅមួយកាលពីថ្ងៃអាទិត្យ។
នៅក្រុងអាម៉េដាបាត(Ahmedabad)ក្នុងរដ្ឋហ្គូចារ៉ាត( Gujarat) អាកាសធាតុក្តៅខ្លាំងដល់ថ្នាក់រលាយកៅស៊ូថ្នល់ទើបចាក់ក្រាលថ្មី។យ៉ាងហោចណាស់រដ្ឋឥណ្ឌាចំនួនពីរបានបញ្ជាអោយបិទសាលារៀនជាបណ្តោះអាសន្ននៅពេលកំដៅឡើងលើ៤០អង្សាសេ។
វីដេអូថតបង្ហោះជាលក្ខណៈឯកជននៅរដ្ឋបឹងហ្កាល់ខាងលិច បង្ហាញការចំអិនស៊ុតក្នុងខ្ទះនៅក្រោមកំដៅថ្ងៃពេលថ្ងៃត្រង់
នៅហ្វីលីពីន ដែលសីតុណ្ហភាពឡើងដល់៣៧អង្សាសេ សាលាបឋមសិក្សាចំនួន១៥០បានបិទទ្វារក្រោយការដាច់ចរន្តអគ្គិសនីប៉ះពាល់ការរៀននៅសាលាទាំងនោះ។មនុស្សប្រាំពីរនាក់បានសន្លប់និងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារកំដៅ។
កំដៅក៏បណ្តាលអោយមានការប្រើចរន្តអគ្គិសនីហួសលទ្ធភាពផ្គត់ផ្គង់និងការដាច់ចរន្តអគ្គិសនីនៅបង់ក្លាដែសសំរាប់មនុស្សរាប់លាននាក់ ហើយមនុស្សរាប់រយនាក់ក៏បានជួបជុំគ្នាធ្វើការបន់ស្រន់សុំទឹកភ្លៀងនៅសប្តាហ៍នេះ៕