ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេលប៉ុន្មាន ថ្ងៃ ក្រោយពីមាន Page facebook និងបណ្តាញសង្គមនានា បានបង្ហោះ ផ្សព្វផ្សាយ ទាក់ទងទៅនឹងការជួញដូរសត្វស្លាប និងសត្វព្រៃ នៅតាមដងផ្លូវជាតិ លេខ៦ (ត្រង់ម្តុំចំណុចគីឡូម៉ែត្រលេខ៤៩ ស្ពានត្រស់) តាមការសង្កេត គឺជារូបភាពចាស់ ហើយបានធ្វើការផ្សព្វផ្សាយតៗគ្នា។

ពាក់ព័ន្ធករណីខាងលើនេះ កន្លងមក រដ្ឋបាលស្រុក បានដាក់ចេញនូវសេចក្តី ជូនដំណឹង លេខ២៤៥/ សជណ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពី ការហាមឃាត់ ការរក្សាទុក និងការលួចលក់សត្វព្រៃ រួចម្តងហើយ និងបាន សហការជាមួយ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និង អង្គការវ៉ាយអេដស៍ ចុះផ្សព្វផ្សាយពន្យល់ណែនាំ ហើយបានអញ្ជើញ ប្រជាពលរដ្ឋ ដែលបានលួចបន្លំរក្សាទុក និងលួចលក់សត្វព្រៃ ឱ្យធ្វើកិច្ចសន្យា ជាច្រើនដង រួចមក និងក៏បានចាប់ផាកពិន័យអន្តរកាល ហើយនឹងក៏មានបាន បញ្ជូនជនល្មើស ទៅតុលាការជាបន្តបន្ទាប់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានសរសេរទៀតថាៈ ទោះបីជាអាជ្ញាធរ និងមន្ត្រីជំនាញ ខិតខំលប់បំបាត់យ៉ាងណា ក៏នៅមានជនល្មើសមួយចំនួន លួចបន្លំរក្សាទុក ធ្វើការរក្សាទុក និងលួចលក់សត្វព្រៃ ក្នុងរូបភាពលក់ត្រីងៀត ត្រីឆ្អើរ និងផ្លែឈូក ក្នុងរូបភាពនេះ យូរៗម្តង ជនល្មើសបន្លំលក់សត្វព្រៃ ហើយពេលខ្លះ បន្លំយកសត្វស្រុក ធ្វើជាសត្វព្រៃ ដើម្បីលក់។

ជាមួយគ្នានោះ រដ្ឋបាលស្រុកបាធាយ នៅតែបន្តសហការជាមួយមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច បន្តចុះអប់រំណែនាំ និងបង្ក្រាបជាប់ជាប្រចាំ ដើម្បីថែរក្សា ការពារ និងអភិរក្សសត្វព្រៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នានា ចូលរួមជាមួយរដ្ឋបាលស្រុកបាធាយ អនុវត្តឱ្យបានខ្ជាប់ខ្ជូន នូវការទប់ ស្កាត់ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងសូមអំពាវនាវដល់អ្នកដែលបាន ពាក់ព័ន្ធទាំងអស់ សូមមេត្តាបញ្ឃប់ការរក្សាទុក និងលួចលក់សត្វព្រៃ ហើយ ជួយសហការជាមួយអាជ្ញាធរ ក្នុងករណីមានការរក្សាទុក ឬលក់ដូរ សូមផ្តល់ដំណឹង មកលេខទូរស័ព្ទ ០១២ ៨២៥ ៦៨៤ និង លេខ០៧៦ ៧៨៨ ១១១ ដើម្បីចូលរួមសហការទប់ស្កាត់៕ V / N