ក្រោយ​អត់​មាន​អុិ​ន​ធើ​ណេ​ត​ជាង៣០​ឆ្នាំ អ្នកភូមិ​ដាច់ស្រយាល កណ្តាលទន្លេ ខេត្តកំពង់ឆ្នាំង បានទទួល​សេវា​ទូរស័ព្ទ​និង​អុិ​ន​ធើ​ណេ​ត​លើកដំបូង

1088
ចែករម្លែក

​​ដោយ : សុផល​/​កំពង់ឆ្នាំង ​: ក្រោយពី​មិនមាន​សេវា​ទូរស័ព្ទ​និង​អ៊ី​ន​ធើ​ណេ​ត​ប្រើប្រាស់​ជាង​៣០​ឆ្នាំ ទីបំផុត​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០០​នាក់ រស់នៅ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​បាន​សម្តែង​ការ​សាទរ​និង​រីករាយ​ដែល​ទទួលបាន​សេវា​ទូរស័ព្ទ​ និង​អ៊ិ​ន​ធើ​ណេត​ប្រើប្រាស់ ក្រោយពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ដំឡើង​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​នៅ​ទីនោះ​។​

​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង មាន​ចំងាយ​ប្រមាណ​៣៥​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ខេត្តកំពង់ឆ្នាំង​ដោយ​ត្រូវ​ធ្វើដំណើរ​តាម​កាណូត​រយៈពេល​មួយ​ម៉ោង​កន្លះ​ទៅ​ពីរ​ម៉ោង​។ ​ពីមុន​តំបន់​នេះ​ពោលគឺ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​មិន​ដែលមាន សេវា​ទូរស័ព្ទ​ប្រើប្រាស់​ទេ ប្រៀបដូចជា​តំបន់​ដាច់ស្រយាល​ពី​ព​ភព​លោក​អ៊ីចឹង​។​

​ដោយ​មើលឃើញ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទំនាក់ទំនង​នេះ ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​សហការ​ដំឡើង​បង្គោល​អង់​តែ​ន ទូរស័ព្ទ នៅ​តំបន់​នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាច​ប្រើប្រាស់​សេវា​ទូរស័ព្ទ​និង​អ៊ី​ន​ធើ​ណិ​ត​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​នៅ​ទូទាំងប្រទេស​ដែរ​។​
​ក្រៅពី​ក្សត់ខ្សោយ​សេវា​ទូរស័ព្ទ​តំបន់​ដាច់ស្រយាល ​ដែល​ស្ថិតនៅ​ស្របតាម​ដង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង ក៏​ជា​តំបន់​ខ្សត់ខ្សោយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ នានា​ជាច្រើន​ដូចជា បណ្តាញ​ផ្លូវថ្នល់ អគ្គិសនី សាលារៀន និង​មណ្ឌល​សុខភាព​ជាដើម​។​

​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ស្ថានីយ​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នេះ បាន​ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​លោក ត្រាំ អុ​ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ លោក អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ព្រមទាំង​ប្រជាពលរដ្ឋ​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​លោក ត្រាំ អុីវ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយិ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍ថា មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​មុនដំបូង​គេ ដែល​ស្ម័គ្រចិត្ត​ចូលមក​តំបន់​ដាច់​ស្រ​យ៉ា​ល​នេះ ខណៈដែល​ក្រុមហ៊ុន​ផ្សេងទៀត​មិន​ចង់​មក​ព្រោះតែ​តំបន់​នេះ​ដាច់ស្រយាល​ពេក​និង​ពិបាក​ក្នុង​ការសាងសង់​ស្ថានីយ៍​ផ្សាយ​សេវា​។

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ថែមទៀត​ថា មិត្ត​ហ្វូ​ន​បាន​បើក​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​រយៈពេល​ជិត​ដប់ឆ្នាំ​ហើយ ៗ​ក្រុមហ៊ុន​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​យ៉ាងច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ការផ្ដល់​សេវា​ទូរគមនាគមន៍​ដល់​ប្រជាជន​មិន​ថា​ទីប្រជុំជន ឬ​ទីជនបទ​ដាច់ស្រយាល​ឡើយ តួយ៉ាង​ដូចជា តំបន់​លិច​ទឹក​នៅទីនេះ​ផ្ទាល់​។​

​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍​ផងដែរ​ថា គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ ដើម្បី​ពង្រីក​សេវា​នៅ​តំបន់​ដាច់​ស្រយាល​។​គម្រោង​ដូចគ្នានេះដែរ ក៏បាន​បង្កើតឡើង​នៅ​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង​។​

​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា «​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ មិត្ត​ហ្វូ​ន តែងតែ​ខិតខំ​នាំយក​សេវា​របស់ខ្លួន ទៅជូន​ប្រជាជន​នៅ​ទូទាំងប្រទេស​កម្ពុជា ទោះ​ពួកគេ​នៅ​ដល់​តំបន់​ដាច់ស្រយាល​មាត់​ញក​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​តំបន់​នេះ​ជា​ឧទាហរណ៍ ក្រុមការងារ​ពិត​ជាមាន​ភាពលំបាក​ខ្លាំង​ក្នុងការ​សាង់សង់​ស្ថានីយ៍ ត្បិត​អី​ទីនេះ​មិនមែនជា​តំបន់​ផ្លូវគោក​រាល់​ការដឹកជញ្ជូន​ឧបករណ៍​ដាច់ខាត​មានតែ​ផ្លូវទឹក ប៉ុន្តែ​ឥឡូវ​យើង​មោទនភាព​ដែល​បានសម្រេច​ជា​ស្ថាពរ​នៅថ្ងៃនេះ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នៅទីនេះ​នឹង​អាច​រីករាយ​ជាមួយ​សេវា​របស់​មិត្ត​ហ្វូ​ន​កាន់តែ​ងាយស្រួល »​។

​លោក​បាន​បន្ថែមថា​«​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ជានិច្ចកាល ប្ដេជ្ញា​នាំមក​នូវ​ការអភិវឌ្ឍ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប ជាពិសេស សេវា​ទូរស័ព្ទ​ចល័ត ដោយ​ប្រើ​បច្ចេកវិទ្យា​មានគុណ​ភាព​ខ្ពស់បំផុត​និង​ទំនើប​បំផុត ដែល​គ្របដណ្ដប់​ទូទាំងប្រទេស​» ។​

​លោក អៀង វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​លោក​រដ្ឋមន្ត្រី​បាន​នាំមក​ឲ្យ​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​នៅពេលនេះ​គឺ​ការជួយ​ជំរុញ​បន្ថែម​នូវ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ខេត្ត ពិសេស​ក្នុងស្រុក​ទឹកផុស​និង​ស្រុក​កំពង់លែង ដោយ​ការសាងសង់​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត ​ក្រោម​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ដើម្បី​ផ្តល់នូវ​សេវា​ទូរស័ព្ទ​និង​អុី​ន​ធើ​ណេ​ត​ទូរស័ព្ទ​ចល័ត ​ក្នុង​តំបន់​ដាច់ស្រយាល​និង​តំបន់​ដែល​ខ្វះ​នូវ​សេវា​ទូរស័ព្ទ​ក្នុង​គោលបំណង​ផ្តល់នូវ​សេវា​ទូរគមនាគមន៍​ចល័ត​ឲ្យ​បាន​ដល់​គ្រប់​ទីកន្លែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហេដ្ឋា​រចនាសម្ព័ន្ធ​នេះ​ពិតជា​ការផ្តល់​ការតភ្ជាប់​សេវា​ទូរ​សព្ទ័​និង​អ៊ីនធឺណិត​ក្នុងការ​ទំនាក់ទំនង​ក្នុង​ជីវ​ប្រចាំថ្ងៃ​ក៏ដូចជា​ការប្រកប​អាជីវកម្ម ទេសចរណ៍​និង​សកម្មភាព​សេដ្ឋកិច្ច​នានា​ក្នុង​មូលដ្ឋាន​ ​បច្ចុប្បន្ន​នៅ​ខេត្តកំពង់ឆ្នាំង​មាន​ក្រុមហ៊ុនទូរស័ព្ទ​ចំនួន​០៤ ដែល​កំពុងដំណើរការ​និង​ផ្តល់​ទូរគមនាគមន៍​ដល់​ប្រជាពលរដ្ឋ​ប៉ុន្តែ​ការផ្តល់សេវា​នេះ ពុំទាន់​បាន​គ្រប់​ដណ្តប់​គ្រប់​តំបន់​ជាពិសេស​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន​ក៏ដូចជា​តំបន់​ដាច់ស្រយាល​នៅឡើយ​ទេ​៕B

​​

ទីតាំងផ្សាយពាណិជ្ជកម្ម