ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា និងជា អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា និងសហការី នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានបន្តចុះសួរសុខទុក្ខសំណេះ សំណាល និងចែកអំណោយដល់ស្ត្រី មុនពេលសម្រាល និងទើបសម្រាលកូនរួច ចំនួន ២៥ នាក់ ដែលបានមកសម្រាលកូន និងកំពុងសម្រាក នៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ  លោក ម៉ែន វិបុល បាននាំយកប្រសាសន៍របស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ  ដើម្បីសុខភាពស្ត្រី និងកុមារ  ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខុមាល ភាពរបស់ស្ត្រី ជាមាតាទាំងអស់ ជាពិសេសបានពាំនាំនូវសារអប់រំសុខភាព ស្តីពីសារប្រយោជន៍ នៃការពិនិត្យផ្ទៃពោះយ៉ាងតិច ៤ ដង មុនពេលសម្រាល ,  សារៈប្រយោជន៍ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ស្ត្រីមានផ្ទៃពោះ  ស្ត្រីកំពុងបំបៅកូន ដោយទឹកដោះ និងអត្ថប្រយោជន៍ នៃការបំបៅកូន ដោយទឹកដោះម្តាយ ។ល។ រួមជាមួយការចូលរួមថែទាំសុខភាពទូទៅ ទាំងបុរស ស្ត្រី ក្មេង ចាស់ ក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ ។

ក្នុងឱកាសនោះ ក្រុមការងារបានចែកអំណោយ ក្នុងម្នាក់ទទួលបានសម្ភារប្រើ ប្រាស់សម្រាប់ម្តាយ និងទារក ១៧ មុខ ថវិកា ៥ ម៉ឺនរៀល លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែម ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល ។ ស្ត្រីជាមាតាទាំងអស់ បានថ្លែងអំណរគុណ ចំពោះកាកបាទក្រហមកម្ពុជា  និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា  ដែលតែងតែចុះធ្វើការ អប់រំ ផ្សព្វផ្សាយជាប្រចាំ និងបានឧបត្ថម្ភជាសម្ភារប្រើប្រាស់ សម្ភារអនាម័យ  និងថវិកា សម្រាប់ជួយសម្រាលការលំបាកផ្នែកជីវភាពទៀតផង៕ V / N