​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អគ្គលេខា​អង្គការសហប្រជាជាតិ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មាន​ជំនឿ​ថា អ៊ុយ​ក្រែន​អាច​វាយ​ដណ្តើម​បាន​ទឹកដី​ដែល​បាត់បង់​​មក​វិញ​នៅ​ក្នុងការ​វាយបក​ដែល​គេ​ទន្ទឹងរង់ចាំ​យូរ​មក​ហើយ នៅពេល​សម្ពន្ធមិត្ត​រប​ស់អ៊ុយ​ក្រែន​ប្តេជ្ញា​គាំទ្រ​ឥត​ងាករេ​សំរាប់​រដ្ឋាភិបាល​ទី​ក្រុង​គៀវ​នៅ​ជំនួប​សំខាន់​មួយ​ដែល​រៀបចំ​ដោយ​អាម៉េរិក​។​

​តំណាង​មកពី​ប្រមាណ​៥០​ប្រទេស​កាលពី​ថ្ងៃ​សុក្រ​បាន​ជួបជុំគ្នា​នៅ​អាល្លឺម៉ង់​ដើម្បី​ពិនិត្យមើល​សមត្ថភាព ប្រព័ន្ធ​និង​ការផ្គត់ផ្គង់​ផ្សេងៗ​គ្នា​ទាំងអស់​ដែល​អ៊ុយ​ក្រែន​ត្រូវការ​ដើម្បី​វាយប​កលើ​កងកម្លាំង​​រុស្ស៊ី​ដណ្តើម​ទឹកដី​មក​វិញ​។​

​លោក​ស្តូល​ថិ​ន​ប៊ឺក បាន​ប្រាប់​អ្នកកាសែត​នៅ​កិច្ចប្រជុំ​របស់​សម្ពន្ធមិត្ត​ណា​តូ​នៅ​អាល្លឺម៉ង់​ថា «ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ពួកគេ​ឥឡូវ​ស្ថិតក្នុង​ទីតាំង​មួយ​ដែល​អាច​រំដោះទឹកដី​បន្ថែមទៀត​»​។​លោក​បាន​​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ថា​តើ​អ៊ុយ​ក្រែន​មាន​អ្វី​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ធ្វើ​ការវាយប្រហារ​ដោយ​ជោគជ័យ​ហើយឬនៅ​។​

​អគ្គលេខា​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក និយាយ​ទៅកាន់​អ្នកកាសែត​នៅ​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ​នៅ​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សុក្រ​

​លោក​ស្តូល​ថិ​ន​ប៊ឺក​បាន​ចូលរួម​កិច្ច​ពិភាក្សា​នៅ​មូលដ្ឋាន​ទ័ពអាកាស រ៉ា​ម​ស្តា​ញ​(Ramstein)​ក្រោយ​ធ្វើដំណើរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​កាន់​ទីក្រុង​គៀវ​។​

​នៅក្នុង​រដ្ឋធានី​របស់​អ៊ុ​យក្រែន លោក​បាន​ជួប​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ដែល​បាន​ទទូច​សុំ​អោយ​សម្ពន្ធមិត្ត​លោកខាងលិច​បញ្ជូន​យន្តហោះ​ចម្បាំង​បន្ថែម​និង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ដើម្បី​ជួយ​​បណ្តេញ​ទាហាន​រុស្ស៊ី​។​

​លោក​ស្តូល​ថិ​ន​ប៊ឺក ទទួល​ស្គាល់​ថា​វា​ត្រូវការ​ការពិភាក្សាគ្នា​សំរាប់​ការគាំទ្រ​ថ្មី​នៅ​ពេល​សង្គ្រាម​ឈាន​ចូល​ឆ្នាំ​ទី​ពីរ តែ​ក៏​បញ្ជាក់ថា សព្វាវុធ​ដែល​បាន​ផ្តល់អោយ​ហើយ​នៅ​បន្ត​ដំណើរការ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន ដែល​ទទួល​រៀបចំ​កិច្ច​ពិភាក្សា​នៅ​រ៉ា​ម​ស្តា​ញ ក៏​បាន​និយាយថា បញ្ហាសំខាន់​បី​ត្រូវ​លើក​មក​ពិភាក្សា គឺ​«​ការការពារ​ដែនអាកាស គ្រាប់រំសេវ​និង​គ្រឿង​ជំ​​រុញ​អោយ​ដំណើរការ​ទៅបាន​» ដោយ​លោក​ចង់​សំដៅ​គ្រឿង​ភស្តុភា​និង​ការគាំទ្រ​ដទៃទៀត​។​លោក​ថា «​ការគាំទ្រ​របស់​យើង​សំរាប់​កងកម្លាំង​សេរីភាព​នៅ​អ៊ុយ​ក្រែន​នៅ​រឹងមាំ​និង​ជាក់ស្តែង​។​យើង​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ដរាបណា​ប្រទេស​នេះ​នៅ​ត្រូវការ​»​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ប្រតិកម្ម​ទាំង​កំហឹង​ចំពោះ​កិច្ចប្រជុំ​នៅ​រ៉ា​ម​ស្តា​ញ​ដោយក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា​អំពើ​របស់​សម្ពន្ធមិត្ត​នេះ​សំរាប់​អ៊ុ​យក្រែន​«​បញ្ជាក់​ពី​ការ​ចូល​ពាក់ព័ន្ធ​របស់​គេ​ក្នុង​ជម្លោះ​​នេះ​និង​ចូលរួម​ក្នុង​ការរៀបចំ​ប្រតិបត្តិការ​យោធា​»​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ ក៏​បាន​ចោទប្រកាន់​អង្គការ​ណា​តូ​ថា ព្យាយាម​«​ទាញ​អ៊ុយ​ក្រែន​ទៅក្នុង​សម្ពន្ធភាពរ​ប​ស់​ខ្លួន​» និង​បង្ហាញ​ថា​រុស្ស៊ី​ត្រឹមត្រូវ​ក្នុងការបើក​ប្រតិបត្តិការ​សឹក​​កន្លង​មក​ដើម្បី​ធានា​សន្តិសុខ​របស់​ខ្លួន​៕