ដោយៈប.ខុន / ភ្នំពេញៈ ដំណាំស្រូវប្រាំង ជាងបីពាន់ហិកតា ដែលប្រឈម ការខ្វះទឹក នៅឃុំណាំតៅ ស្រះជីក ភ្នំដី និងឃុំប៉ោយចារស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានជួយអន្តរាគមន៍ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេ ត្តឧត្តរមានជ័យ បានបញ្ជូនទឹក ពីទំនប់អាងទឹកស្រែងទី១ តាមរយៈប្រឡាយទី១ ខាងលិច នៅក្នុងខេត្តឧត្តរមានជ័យ ទៅជួយសង្គ្រោះ ហើយ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣ថាៈ ការបើកទ្វារ បញ្ចេញទឹក ពីទំនប់អាងទឹកស្រែងទី១ ដាក់ចូលប្រឡាយមេទី១ ខាងលិច ដើម្បីបញ្ជូនទៅស្រោចស្រពដំណាំស្រូវជាងបីពាន់ហិកតា នៅឃុំ ណាំតៅ ស្រះជីក ភ្នំដី និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ អាចត្រូវបើក ទ្វារទឹកពី ១០ ទៅ ១៥ ថ្ងៃ ទើបគ្រប់។
ប្រធានមន្ទីរធនធានទឹក ខាងលើ បាននិយាយឱ្យដឹងផងដែរថាៈ ក្រៅពីបញ្ចេញ ទឹក ទៅតាមប្រឡាយមេស្រែងទី១ មន្ទីរក៏បានបើកបញ្ចេញទឹក ទម្លាក់ចូលស្ទឹង ស្រែង បញ្ជូនទៅបម្រើការស្រោចស្រព នៅអាងស្ពានស្រែង និងសំណង់ស្ទាក់ ទឹកស្ទឹងក្រឡាញ់សម្រាប់ប្រជាពលរដ្ឋ បូមយកទៅប្រើប្រាស់ និងស្រោចស្រព ដំណាំស្រូវ។ អាងទឹកស្រែង ១ ស្រែង ២ និងអាងទំនប់ថ្មី ពេលនេះនៅសល់ ទឹក ប្រមាណជា ២០០ លានម៉ែត្រគូប។ អាងទឹកទាំងបីនេះ មានសមត្ថភាព ស្តុកទឹកបានជាង ៥០០ លានម៉ែត្រគូប។
កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជាបើកទ្វារទឹកទំនប់អាងទឹកស្ទឹងស្រែងទី១ ដើម្បីបញ្ចេញទឹក តាមរយៈប្រឡាយមេស្ទឹងស្រែងទី១ ខាងលិច ដើម្បីបញ្ជូន ទឹកយកទៅស្រោចស្រពដំណាំស្រូវ រដូវប្រាំង ឆ្នាំ២០២៣ ចំនួន ៣.៥០០ ហិកតា ដែលកំពុងត្រូវការទឹក ស្ថិតនៅឃុំណាំតៅ ស្រះជីក ភ្នំដី និងឃុំប៉ោយចារស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕/V-PC