​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ខៅ​សូដ​) ៖ “​រថភ្លើង​ផ្លែឈើ​” ដែល​ដឹក​ទុរេន​និង​មង្ឃុត​ចំនួន ២៣ កុងតឺន័រ បាន​ទៅដល់​ទីក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន ភាគ​និរតី​នៃ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មេសា ខណៈ​អ្នក​នាំ​ចេញ​របស់​ថៃ​ច្រើនឡើង​ងាក​ទៅរក​ផ្លូវដែក​ចិន​-​ឡាវ ដើម្បី​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​រហ័ស​។​

​រថភ្លើង​នេះ​បាន​ចាកចេញ​ពី​ឡែម​ឆាបា​ង (Laem Chabang) ជា​កំពង់ផែ​ដ៏​សំខាន់​របស់​ថៃ ហើយ​ត្រូវ​បើក​ឆ្លងកាត់​ផ្លូវដែក​ចិន​-​ឡាវ​។​

​លោកស្រី អូ​រ៉ា​ត​ថៃ យូ​អាត្រា​គុល (Orathai Euatrakool) អាយុ ៦៧ ឆ្នាំ ជា​អតីត​អ្នកជំនាញ​នាំចេញ​នាំចូល​រុក្ខជាតិ​នៃ​ក្រសួង​កសិកម្ម​និង​សហករណ៍​របស់​ថៃ បាន​សង្កេត​ឃើញ​កំណើន​នៃ​ការនាំចេញ​ទុរេន​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

​លោកស្រី​អូ​រ៉ា​ត​ថៃ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួថា “​ពីមុនមក ទុរេន​មួយចំនួនធំ​ត្រូវបាន​ដឹក​ជញ្ជូន​ទៅកាន់​ប្រទេស​ចិន​តាម​ផ្លូវគោក​និង​ផ្លូវ​សមុទ្រ ប៉ុន្តែ​ផ្លូវ​ទាំងនេះ​គឺ​មិន​អាច​ទាយ​ទុកជាមុន​បាន​ទេ ដោយសារ​តែ​កត្តា​នានា​ដូចជា​អាកាសធាតុ​មិនល្អ ដែល​ជួនកាល​ត្រូវ​ចំណាយ​ពេល​លើសពី ២០ ថ្ងៃ​ទើប​ទៅដល់​”​។​

​បច្ចុប្បន្ននេះ ទំនិញ​អាច​ទៅដល់​ទីក្រុង​គុន​មីង​ក្នុង​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ត្រូវ​បាន​ដឹក​តាម​ផ្លូវ​ដែក​ចិន​-​ឡាវ​ពី​ប្រទេស​ថៃ ជា​កន្លែង​ដែល​ទុរេន​ទុំ​ច្រើន​ទៀត​ត្រៀម​នាំចេញ​។ ទុរេន​កាន់តែ​ចាស់ រសជាតិ​កាន់តែ​ឆ្ងាញ់​៕

ទុរេន​ថៃ​ឥឡូវ​ចំណាយពេល​តែ​បី​ថ្ងៃ​ដឹក​ដល់​ចិន មិនមែន​ជា​ង​២០​ថ្ងៃ​ដូច​ពី​មុន​ទៀត​ទេ​