ការិយាល័យ​បោះឆ្នោត​ខ្លះ ក្នុង​ខេត្តកោះកុង ,​កំពង់ឆ្នាំង​, កំពង់ចាម និង​ខេត្តកំពង់ស្ពឺ ត្រូវ​ទឹក​លិច​

1636
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​១៩ ខែកក្កដា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​.) បាន​ទទួល​របាយការណ៍​ថា មាន​ការិយាល័យ​បោះឆ្នោត​ជាច្រើន នៅក្នុង​ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់​ចាម និង​នៅ​ខេត្តកំពង់ស្ពឺ ត្រូវ​ទឹកភ្លៀង​ជន់​លិច​។ ក្នុងនោះ​បើសិនជា​ដល់​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩ ខែកក្កដា ទឹក​នៅ​បន្ត​លិច​ទីតាំង​ការិយាល័យ​បោះឆ្នោត​ទាំងនោះ គឺ​ត្រូវ​ផ្លាស់ប្តូរ​ការិយាល័យ​បោះឆ្នោត​នោះ ទៅកាន់​ទីទួល​សុវត្ថិភាព​។ តែបើ​ទឹក​លិច​ទីទួល​សុវត្ថិភាព​ទាំ​ង​អស់ ក្នុង​ឃុំ​សង្កាត់​ណាមួយនោះ​ការបោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​ទាំងនោះ ត្រូវ​លើក​ពេល រហូតដល់​ទឹក​ស្រក​វិញ​។ នេះ​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប​។​

បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ដែលហូរចាក់ចូលទៅកាន់ស្ទឹងព្រែកត្នោត បានធ្វើឱ្យកម្ពស់ទឹកស្ទឹងនេះហក់ឡើងខ្លាំង នារសៀលថ្ងៃទី ១៩ ខែកក្កដា នេះ ពិសេសនៅចំណុចស្ពានផ្នួសហ្លួង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(រូបថតក្រសួងធនធានទឹក)

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​លើក​បង្ហាញ​ពី​របាយការណ៍​បឋម ដែល​គ​.​ជ​.​ប​. ទទួលបាន គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​កក្កដា​ថា នៅ​ខេត្តកោះកុង ទឹកភ្លៀង​ជន់​លិច​ការិយាល័យ​បោះឆ្នោត​ចំនួន​មួយ​ការិយាល័យ​។ នៅ​ខេត្តកំពង់ឆ្នាំង ទឹក​លិច​បី​ការិយាល័យ​បោះឆ្នោត​។ នៅ​ខេត្តកំពង់ចាម ទឹកភ្លៀង បាន​លិច​នៅ​ឃុំ ប្រាំ ដោយ​ក្នុង​ឃុំ​នីមួយៗ មាន​ការិយាល័យ​បោះឆ្នោត ពី ពីរ ទៅ បី ការិយាល័យ កំពុង​ជួបប្រទះ​នឹង​ទឹកជំនន់​ទឹកភ្លៀង​។​

​ដោយឡែកនៅ​ខេត្តកំពង់ស្ពឺ រងគ្រោះ​ដោយ​ទឹកជំនន់​លិច​ការិយាល័យ​ច្រើនជាងគេ ត្រូវបាន​លោក ឌឹ​ម សុ​វណ្ណា​រុំ បញ្ជាក់ថា ការិយាល័យ​បោះឆ្នោត​ជាច្រើន កំពុង​ជួបប្រទះ​នឹង​ជំនន់​ទឹកភ្លៀង ដោយនៅ​ស្រុក​ភ្នំស្រួច មាន​ប្រាំ ឃុំ គឺ​នៅ​ឃុំ​ចំបក់ ឃុំ​ត្រែងត្រយឹង ឃុំ​ដំបូង​រូង ឃុំ​ក្រាំង​ដី​វាយ ឃុំ​តាំង​សំរោង ឃុំ​តាំង​ស្យា ឃុំ​ព្រែក​រំដួល និង​ឃុំ​អូរ​។ រីឯ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ទឹក​លិច​ការិយាល័យ​បោះឆ្នោត នៅក្នុង​ឃុំ​ត្រពាំង​ជោរ និង​នៅ​ស្រុក​សំរោង​ទង ក៏មាន​ការិយាល័យ​បោះឆ្នោត ត្រូវ​ទឹកភ្លៀង​ជន់​លិច​ផងដែរ​។​

​ចំពោះ​ការិយាល័យ​បោះឆ្នោត ដែល​ត្រូវ​ទឹក​ជន់​លិច​ទាំងនោះ ត្រូវបាន​លោក ឌឹ​ម សុ​វណ្ណា​រុំ បញ្ជាក់ថា បើ​ដល់​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ទឹក​នៅតែ​បន្ត​លិច នោះ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះ​ឆ្នោត សហការ​ជាមួយ​គណៈកម្មការ​ខេត្ត​រាជធានី​រៀបចំ​ការបោះឆ្នោត ដែលមាន​ការចូលរួម​ពី​អភិបាលខេត្ត​រាជធានី ស្នើសុំ​មកកាន់​គ​.​ជ​.​ប. ដើម្បី​បំលាស់​ទី​ទីតាំង​ការិយាល័យ​បោះឆ្នោត ដែល​ត្រូវ​ជន់​លិច​នោះ ទៅកាន់​ទីទួល​សុវត្ថិភាព​។ តែបើ​ទីតាំង​ទីទួល​សុវត្ថិភាព​នៅក្នុង​ឃុំ​សង្កាត់​ទាំងនោះ ជន់​លិច​ទាំងអស់ គឺ​ការបោះឆ្នោត មិនអាច​ប្រព្រឹត្តទៅ​បានទេ​។ គ​.​ជ​.​ប​. នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​នោះទេ ដោយ​រង់ចាំ​រហូតដល់​ស្ថានភាព​ក្នុង​ឃុំ​សង្កាត់​នោះ វិល​ត្រលប់​ដូចដើម​វិញ ពោលគឺ​ទាល់តែ​ទឹក​ស្រក ទើប​អាច​រៀបចំ​ការិយាល័យ​បោះឆ្នោត នៅ​ទីទួល​សុវត្ថិភាព ដើម្បី​បោះឆ្នោត​៕សរន

បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ដែលហូរចាក់ចូលទៅកាន់ស្ទឹងព្រែកត្នោត បានធ្វើឱ្យកម្ពស់ទឹកស្ទឹងនេះហក់ឡើងខ្លាំង នារសៀលថ្ងៃទី ១៩ ខែកក្កដា នេះ ពិសេសនៅចំណុចស្ពានផ្នួសហ្លួង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(រូបថតក្រសួងធនធានទឹក)

ទីតាំងផ្សាយពាណិជ្ជកម្ម