ដោយ៖ ដេប៉ូ / ពោធិ៍សាត់: លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ “យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃនៅកម្ពុជា”។

ថ្លែងក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅថ្ងៃទី២២ ខែមសា ឆ្នាំ២០២៣ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក រដ្ឋលរខាធិការ បានមានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់សូន្យ កំពុងប្រារព្ធធ្វើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល សិស្សនុសិស្ស និងប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិបតិ្តអន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ អន្ទាក់ គឺជាឃាតកលាក់មុខ ដែលបាននិងកំពុងគំរាមកំហែងសត្វព្រៃ និងជីវៈចម្រុះ និងចូលរួមចំណែកទប់ស្កាត់ហានិភ័យនានា ដែលអាចមានផលប៉ះពាល់ លើសុខភាពសាធារណៈ កើតចេញពីការទំនាក់ទងផ្ទាល់ ជាមួយសត្វព្រៃ។ គោលបំណង នៃយុទ្ធនាការអន្ទាក់សូន្យ គឺដើម្បីលប់បំបាត់អន្ទាក់គ្រប់ប្រភេទ នៅក្នុងព្រៃនៃប្រទេសកម្ពុជា។

ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ការបរិភោគសាច់សត្វព្រៃគឺផ្តល់ហានិភ័យខ្ពស់ណាស់ ដល់សុខភាពព្រោះវាសម្បូរដោយមេរោគ ដែលមិនអាចមើលឃើញ ដោយភ្នែកទទេរបានទេ ហើយសាច់សត្វព្រៃ ក៏មិនអាចព្យាបាលជំងឺនានា បានដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកដោះអន្ទាក់ អ្នករាយការណ៍ពីអន្ទាក់ និងការជួញដូរសត្វព្រៃ និងម្ចាស់ភោជនីដ្ឋាន ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការកាត់បន្ថយអន្ទាក់ និងចូលរួមបង្កើតសុវត្ថិភាព ទីជម្រកសត្វព្រៃ ព្រមទាំងការរស់រានមានជីវិតរបស់សត្វព្រៃ នៅក្នុងព្រៃ។»

គួរបញ្ជាក់ថា មុនយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានដកអន្ទាក់សរុបចំនួនជាង ៦ ម៉ឺនអន្ទាក់។ បន្ទាប់ពីយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ បានបញ្ចប់ក្នុងឆ្នាំ២០២២ ចំនួនអន្ទាក់ប្រមូលបានសរុបពីតំបន់ការពារ ធម្មជាតិ មានការថយចុះមកជាង ៣ ម៉ឺនអន្ទាក់។ ថ្វីបើចំនួនអន្ទាក់ មិនទាន់ចុះដល់សូន្យក៏ដោយ ប៉ុន្តែវាបានបង្ហាញនិន្នាការថយចុះគួរឲ្យកត់សម្គាល់ និងបង្ហាញថា យុទ្ឋនាការអន្ទាក់សូន្យ ដើរលើផ្លូវត្រូវ។ អន្ទាក់បានសម្លាប់សត្វព្រៃ ដោយមិនរើសមុខ ចាប់តាំងពីអណ្តើក ស្វា បក្សី និងដំរី ។ អន្ទាក់ជាដើមចមដែលធ្វើឱ្យបាត់បង់សត្វខ្លាធំ នៅប្រទេសកម្ពុជា និងការថយចុះយ៉ាងលឿន នៃចំនួនខ្លារខិន។ សត្វខ្ទីង ទន្សោង ប្រើស និងថនិកសត្វដទៃទៀត កំពុងត្រូវបានទទួលរងការគំរាមកំហែង ឱ្យផុតពូជ ដោយសារតែអន្ទាក់។ សត្វត្មាត ក្ងរយក្ស ដែលជិតផុតពូជបំផុត ក៏កំពុងក្លាយជាសត្វរងគ្រោះ ដោយសារអន្ទាក់ និងថ្នាំពុល ផងដែរ។ អន្ទាក់មិនគ្រាន់តែធ្វើឱ្យសត្វព្រៃវិនាសសាបសូន្យ ពីក្នុងព្រៃទេ វាថែមទាំងធ្វើឱ្យមានការឆ្លងជំងឺពីសត្វព្រៃមកមនុស្សទៀតផង។ អ្នកដែលដាក់អន្ទាក់សត្វ លក់សត្វព្រៃ និងប្រើប្រាស់សត្វព្រៃ អាចមានហានិភ័យខ្ពស់ ដល់សុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសហគមន៍ និងសង្គមជាតិផងដែរ។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ស្រុកវាលវែង គឺជាចំណុចក្តៅមួយ ទាក់ទងនឹងការជួញដូរសត្វព្រៃ ដែលវាគឺជាកត្តាទាក់ទាញអ្នកបរបាញ់ និងអ្នកដាក់អន្ទាក់។ អន្ទាក់មិនត្រឹមតែធ្វើឲ្យគ្មានសត្វព្រៃ នៅក្នុងព្រៃប៉ុណ្ណោះទេ វាក៏នាំឲ្យមានការប៉ះពាល់ ដោយផ្ទាល់ ពីមនុស្សនិងសត្វព្រៃផងដែរ។ កត្តានេះ អាចជាឱកាសនៃការចម្លងជំងឺពីសត្វទៅមនុស្សបាន។ ការគ្រប់គ្រងសត្វព្រៃ និងសុខភាពសាធារណៈ ចាំបាច់ត្រូវធ្វើដូចគ្នា ដើម្បីបង្ការនិងកាត់បន្ថយហានិភ័យ នៃការអាចឆ្លងជំងឺពីសត្វមកមនុស្ស ក្នុងគោលដៅធានាសុខមាលភាពរបស់មនុស្សនិងធម្មជាតិ។»

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានមានប្រសាសន៍ថា៖ «ការបញ្ឈប់ទំលាប់នៃការដាក់អន្ទាក់ ដ៏គ្រោះថ្នាក់ នឹងនាំមកនូវផលប្រយោជន៍យូរអង្វែង ចំពោះសត្វព្រៃ ទីជម្រក និងប្រជាជន។ យើងរួមគ្នាការពារជីវៈចម្រុះដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា និងលើកស្ទួយជីវៈភាពសហគមន៍ និងសុខភាពសាធារណៈ ដែលធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន”។

លោក John Willis នាយកប្រចាំប្រទេសកម្ពុជា នៃសម្ព័ន្ធមិត្តសត្វព្រៃ បាននិយាយថា៖ «អ្នកប្រមាញ់ ដោយមធ្យោបាយដាក់អន្ទាក់ អាចនឹងទទួលបានអត្ថប្រយោជន៍ ក្នុងរយៈពេលខ្លី សម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដទៃទៀត នៅក្នុងសហគមន៍ គឺទទួលរងនូវការបាត់បង់។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូល ដែលទទួលបាន តាមរយៈការលក់ឥណទានកាបូន ដែលជាការរួមចំណែកមួយ សម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិ ដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋ នៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីន ដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយ ពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ច សម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ “៕/V/R