ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ត្រឡាយ
បរិវារសព្ទ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ត្រឡុង (ប្រើជាពាក្យប្រៀប)
ត្រឡុងត្រឡាយ គឺឧត្ដម, ថ្លៃថ្លា, ឆើតឆាយ, សំខាន់, ចំណាប់ ។
ទិនានុលេខន៍
(ទិ-នា-នុ-លេក)
នាមសព្ទ
(បា.) កំណត់តូច ឬកូនសៀវភៅសម្រាប់កត់ត្រាកិច្ចការ ដែលត្រូវធ្វើរៀងរាល់ថ្ងៃ
ទិនានុលេខន៍ជាវត្ថុមានប្រយោជន៍សំខាន់មួយក្នុងការកត់ត្រាចំណាំនូវកិច្ចការផ្សេងៗរៀងរាល់ថ្ងៃដើម្បីកុំឲ្យភ្លេចឬភ័ន្តច្រឡំ ។
បដិភាគ
(ប៉ៈដិភាក)
នាមសព្ទ
( បា.; សំ. ប្រតិភាគ ) ចំណែកប្រៀបធ្រៀប, ដំណើរប្រដូច, ដំណើរដូចគ្នា ។ បដិភាគនិមិត្ត ( ប៉ៈដិភាគៈនិមិត ) និមិត្តដែលប្រាកដដូចភាពដើមគឺការឃើញអ្វីៗដរាបដល់កើតអារម្មណ៍ស៊ប់ជាប់ភ្នែក ធ្មេចភ្នែកក៏ឃើញច្បាស់ប្រាកដ ដូចគ្នានឹងបើកភ្នែកមើល ( ព. ពុ. ច្រើនប្រើខាងការចម្រើនសមថកម្មដ្ឋាន ) ។
ពិណពាទ្យ
(ពិន-ពាត, ឬតាមទម្លាប់ថា ពឹន–)
នាមសព្ទ
( សំ. បា. វីណា ឬ វល្លកី + វាទ, វាទ្យ ) គ្រឿងតន្ត្រីសម្រាប់វាយ, ដំ, ផ្លុំ រួមផ្គុំគ្នាជាមួយវង់ ។ ខ្មែរហៅចំពោះតែតន្ត្រីមានអង្គ៥ គឺមានវាទ្យភណ្ឌ ( គ្រឿងភ្លេង ) ប្រាំឈ្មោះគឺមាន រនាតមួយ ឬមានរនាតបី គឺរនាតឯក១ រនាតធុង១ រនាតដែក១, មានគងវង់មួយវង់ ឬមានគងវង់ពីរវង់ គឺគងវង់ធំ១ វង់ គងវង់តូច១វង់, មានស្រឡៃ១ មានសម្ភោរ១ មានស្គរធំពីរ រួមគ្នាជា៥ ឈ្មោះហៅថា ភ្លេងពិណពាទ្យ ព្រោះមាន ពិណ គឺ ចាប៉ី ជាប្រមុខ ដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទ បញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំង ពិណ នេះមួយផងជា៦ ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ ពិណ ចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះ ប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថា ពិណពាទ្យ ដូចដើមដដែល ។ សម័យបច្ចុប្បន្ន, បើលេងភ្លេងធំ សម្ភោរ ត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរង គឺភ្លេងឥតវាយស្គរធំ រនាតឯក ត្រូវចេញមុន
ពិធីបុណ្យមានភ្លេងពិណពាទ្យ (ស. ហៅ ប៉ីពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះមានស្រឡៃជាប្រមុខបញ្ចេញសូរសព្ទមុនបង្អស់); មានខ្មែរខ្លះដែលចេះភាសាសៀមក៏ចូលចិត្តហៅភ្លេងប្រភេទនេះថា ពីផាត តាមសំឡេងសៀមដែរ ។ ម. ព. ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀតផង ។
មាន់រងាវ
នាមសព្ទ
ឈ្មោះពេលយប់ដែលមាន់តែងរងាវតាមចំណាំ
មាន់រងាវកុះ ពេលដែលមាន់រងាវកុះស្រុះគ្នាជិតភ្លឺ; មាន់រងាវទឹកជោរ ពេលដែលមាន់រងាវដំណាលនឹងវេលាទឹកសមុទ្រជោរមុនអធ្រាត្រ . . . ។