ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​យំ​

​កិរិយាសព្ទ​

​បញ្ចេញ​សូរសព្ទ​ព្រមទាំង​ចេញ​ទឹកភ្នែក​ព្រោះ​សេចក្ដីសោកស្ដាយ​អាល័យ ឬ​ព្រោះ​មាន​ទោមនស្ស​អាក់អន់ចិត្ត​ឬក៏​ព្រោះ​ឈឺចាប់​ខ្លាំង ។ យំគោក ឬ យំស្ងួត យំ​គ្មាន​ទឹកភ្នែក ។ យំគាំង យំគាំង​លង់​បាត់​សូរសព្ទ​ម្ដងៗ : ក្មេង​យំគាំង ។ យំ​ចុងជើង យំសោក​ជិត​ចុងជើង​អ្នក​ដែល​ឈឺ​ដាប​ឬ​បុគ្គល​ស្លាប់ ។ យំទារ យំទារ​រក​ចំណី​ជាដើម ។ យំទួញ យំ​រៀបរាប់​បូរបាច់​ដោយ​សោកស្ដាយ ។ យំយប់ យំ​តែ​ក្នុង​វេលាយប់ៗ : ក្មេង​យំយប់ ។ យំយាម ពោល​ពាក្យ​រលាក់រលែក​តាម​បទ​គ្វាម ដែល​លើក​ចង​ជា​សេចក្ដី​រៀបរាប់​ទៅរក​សព​ដែល​តម្កល់​នៅ​ទីនោះ ក្នុងពេល​យាម​មានកំណត់​, ច្រើនតែ​កំណត់​ក្នុង ១ ថ្ងៃ​ត្រឹម ៤ ដង​គឺ វេលា​អធ្រាត្រ​, ជិត​ព្រឹក​, ថ្ងៃត្រង់​, ព្រលប់ ( អ្នក​យំយាម​ច្រើនតែ​ពួក​ស្ត្រី​, ប្រើ​ចំពោះតែ​សព​ឥស្សរជន មាន​ក្សត្រិយ៍​ទ្រង់​រាជ្យ​ជាដើម ) ។ យំយែក ( ម​. ព​. យែក ) ។ យំរហាម យំ​ហូរ​ទឹកភ្នែក​រហាម ។ យំរំងាស់ ( ព​. ប្រ​. ) យំ​យូរ​ក្រ​ស្ងៀម : ក្មេង​យំរំងាស់ ។ យំលំប៉ា ឬ យំរំអុក យំ​ទទូច​ទារ​រឿយៗ​មិន​លែង​, យំ​មិន​ងាយ​ស្ងៀម​នាំ​ឲ្យ​កើត​អផ្សុក : ក្មេង​យំលំប៉ា ឬ យំរំអុក ។ យំរ៉ាំរ៉ៃ យំ​ជាប់​ក្រ​ស្ងៀម ។ យំសោក យំ​បូរបាច់​ដោយ​សេចក្ដី​ស្ដាយស្រណោះ ។ យំអណ្តឺតអណ្ដក យំ​ដោយ​ដកខ្យល់​ដង្ហើម​លង់ៗ លិចៗ​អណ្ដែតៗ ប៉ផ្ដឺតប៉ផ្ដក់ : ក្មេង​យំអណ្ដឺតអណ្ដក ។ ល ។ ស្ករ​យំ ( ព​. ប្រ​. ) ស្ករ​ដែល​រឹង​ហើយ​ប្រែជា​ជ្រាយ​ជោរ​ព្រោះ​ត្រូវ​ចំហាយ​ក្ដៅ​ខ្លាំង​ឬ​ត្រជាក់​ខ្លាំង ។​

​របៀន​

​នាមសព្ទ​

​ចំណេះ​ដែល​ចេះ​មកពី​រៀន​
​របៀន ចំណេះ ឬ ចំណេះ​របៀន ។​
​សិល្បសាស្ត្រ​, វិជ្ជាការ​, អាគម​គាថា​
​សូត្រ​របៀន​ស្ដោះផ្លុំ​, របៀនអាគម ឬ អាគម​របៀន ។​

លិច​

​កិរិយាសព្ទ​

​លិ​ប​ចុះ​បាត់ទៅ​, ចូល​កប់​បាត់ទៅ ក្នុង​ទឹកជា​ដើម​
​ទូក​លិច​, សម្ទូង​លិច​ទឹក​, បន្លា​មុត​លិច ។​
​អស្ដង្គត​
​ព្រះអាទិត្យ​លិច ( ថ្ងៃ​លិច ) ។​
​ព​. ប្រ​. វិនាស​, ខូច​, អន្តរាយ​; បាត់ឈ្មោះ​; លង់គំនិត​
​លិច​លែង​ងើប​រួច វិនាស​រើខ្លួន​លែងរួច​; លិចខ្លួន ខូចខ្លួន​ឬ​បាត់ឈ្មោះ ។​

​គុណសព្ទ​

​ដែល​ធ្ងន់​មិន​អណ្ដែត​ទឹក​
​ឈើ​មួយ​កំណាត់​នេះ​លិច​ទឹក​, មួយ​កំណាត់​នុ៎ះ​អណ្ដែត ។​
​ដែល​ទាប​ឬ​ជ្រៅ​តែងតែ​លិច​ទឹក​
​ដី​លិច​ទឹក​, ព្រៃ​ទឹក​លិច ។​
​លិចកញ្ជង់ ដែល​ចេះតែ​ហិនហោច​វិនាស​ទ្រព្យសម្បត្តិ​ជានិច្ច​
​មនុស្ស​លិចកញ្ជង់ ។​
​លិចកញ្ជង់លង់កញ្ជើ (​ព​. សា​.)​ហិនហោច​វិនាស​ដូច​គេ​លិចលង់​ក្នុង​ទឹក​ទាំង​កញ្ជើ​ដាក់​អីវ៉ាន់ ។ លិចកណ្ដេងដី វិនាស​ដូចជា​កប់​បាត់ទៅ​ក្នុង​ដីកណ្ដេង ។ លិច​ក្បាល​ទ្រទូង​ដៃ ដែល​លិច​ក្បាល​បាត់ទៅ​ឃើញតែ​ដៃ​ទាំង​ពីរលើក​ជ្រោង​ឡើង : ទឹក​ជ្រៅ​លិច​ក្បាល​ទ្រទូង​ដៃ ។ លិចក្រជាំ វិនាស​ទ្រព្យធន​អាប់​កេរ្ដិ៍ឈ្មោះ ។ លិច​តែម្ដង​! ខូច​តែម្ដង​; ! លិចទៅ​! ខូច​ទៅ​! (​ពាក្យ​ឧទាន​) ។ លិចលង់ វិនាស​អន្តរាយ​ដូចជា​លិចលង់​ក្នុង​ទឹក ។ លិចលង់ផុងកៃ (​ព​. សា​.) វិនាស​អន្តរាយ​ផុង​លង់​រើខ្លួន​ពុំរួច ។ លិចអណ្ដែត ឬ​លិចៗ​អណ្ដែតៗ ឬក៏​លិចអណ្ដែតៗ​លិច ខាត​ហើយ​ចំណេញៗ​ហើយ​ខាត​ទៅវិញ ឬ​បង់ហើយ​បានៗ​ហើយ​បង់​ទៅវិញ​។ អា​លិច​! អា​ខូច​! (​ពាក្យ​ជេរ​លេង​) ។ ល ។​

​នាមសព្ទ​

​ឈ្មោះ​ទិស​ដែល​ព្រះអាទិត្យ​អស្ដង្គត​, ទិសបស្ចិម​; និយាយបាន​តែមាន​ពាក្យ ខាង ឬ ឯ ផ្សំ​ពី​ខាងដើម​
​ទិស​ខាងលិច​, ស្រុក​ឯលិច​, ទៅ​ឯលិច ។​
​ល្ងង់​មិនដឹង​ឯលិច​ឯកើត ល្ងង់​ដូចជា​មនុស្ស​វង្វេងទិស ឬ​ល្ងង់​មិន​ស្គាល់​ទិស (​សរសេរ​ក្លាយជា ឡិច តាម​សំនៀង​និយាយ ក៏មាន​) ។​

​វិភង្គ​

(​វិ​ភ័ង​-​គៈ ឬ –​ភ័ង​)

នាមសព្ទ​

( សំ​. បា​. ) ការចែក​, ការ​បែង​; ចំណែក​; ការ​បែកចេញ​ផ្សេង ។ ឈ្មោះ​គម្ពីរ​ទី ២ នៃ​ព្រះ​អភិធម្មបិដក​
​គម្ពីរ​វិភង្គ ( ព​. ពុ​. ) ។​

​សភាគ​

(​សៈភា​គៈ ឬ –​ភាក​)

​នាមសព្ទ​

( បា​. ) ដែលមាន​ចំណែក​ស្មើគ្នា គឺ​ដែល​ត្រូវ​គ្នា​, ដូចគ្នា​; ដែល​ត្រូវចិត្ត​ត្រូវ​គំនិត​គ្នា​, ដែល​ជិតដិត​ស្និទ្ធស្នាល​នឹង​គ្នា ។​
​ន​. មនុស្ស​, សត្វ​ឬអ្វីៗ ដែល​ត្រូវ​គ្នា​, ដូចគ្នា​, ស្មើ​ចិត្តគំនិត​គ្នា : ខ្ញុំ​និង​មនុស្ស​នុះ ជាស​ភាគ​នឹង​គ្នា ( ព​. ផ្ទ​. វិសភាគ ) ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សៈភា​គៈ​, ដូចជា សភាគជន ឬ –​បុគ្គល ជន​ឬ​បុគ្គល​ដែលមាន​អធ្យាស្រ័យ​ត្រូវ​គ្នា ។ សភាគភិក្ខុ ភិក្ខុ​ដែលមាន​វត្តប្រតិបត្តិ​ឬ​អធ្យាស្រ័យ​ស្មើគ្នា ។ សភាគាបត្តិ (–​ប័ត​; បា​. < សភាគ + អាបត្តិ ) អាបត្តិ​ត្រូវ​គ្នា ( ព​. វិ​. ពុ​. ) ។ សភាគារម្មណ៍ ( បា​. < សភាគ + អារម្មណ ) អារម្មណ៍​ត្រូវ​គ្នា​, មិនជា​ទំនាស់​នឹង​គ្នា ។ ល ។​