ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ស្ថានទូតអាម៉េរិកនៅស៊ូដង់បានបិទទ្វារក្រោយទាហានអាម៉េរិកបានធ្វើការជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួននៅទីក្រុងកាទុំនៅពេលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទីប្រាំបួន។
មន្ត្រីអាម៉េរិកម្នាក់បានអះអាងថា ទាហានអាម៉េរិកបានដឹកបុគ្គលិកទូតតាមឧទ្ធម្ភាគចក្រចេញពីដែនអាកាសស៊ូដង់ដោយសុវត្ថិភាព។
ទាហានអាម៉េរិកត្រូវបានបញ្ជូនទៅកាន់ជំរំមួយនៅជីបូទី កាលពីថ្ងៃសុក្រមុនបើកប្រតិបត្តិការជម្លៀសបុគ្គលិកទូតនៅស៊ូដង់
យោងតាមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ ប្រធានាធិបតីចូបៃដិនបានបញ្ជាអោយទាហានអាម៉េរិកជម្លៀសបុគ្គលិកទូតក្រោយទទួលការការយល់ព្រមពីក្រុមសន្តិសុខជាតិរបស់លោក ខណៈការប្រយុទ្ធគ្នាមើលទៅគ្មានពេលបញ្ចប់។បទបញ្ជាជម្លៀសនេះសំរាប់ជនជាតិអាម៉េរិកប្រមាណ៧០នាក់។
ក្រសួងការបរទេសក្នុងពេលជាមួយគ្នាបានផ្អាកប្រតិបត្តិការនៅស្ថានទូតអាម៉េរិកដោយសារស្ថានការណ៍សន្តិសុខ។
យោងតាមអង្គការសុខភាពពិភពលោក ការប្រយុទ្ធគ្នារវាងកងកម្លាំងរបស់ឧត្តមសេនីយ៍ប្រជែងគ្នាពីររូប បានសម្លាប់មនុស្សជាង៤០០នាក់ ចាប់តាំងពីថ្ងៃ១៥មេសា។អំពើហិង្សានេះរួមមានការវាយប្រហារលើក្បួនរថយន្តការទូតអាម៉េរិកនិងឧបទ្ទវហេតុជាច្រើនទៀតលើអ្នកការទូតបរទេស ហើយបុគ្គលិកផ្តល់ជំនួយបីនាក់ត្រូវបានសម្លាប់។
ផ្សែងហុយលើទីក្រុងកាទុំ ប្រទេសស៊ូដង់កាលពីថ្ងៃសុក្រទី២១មេសានៅពេលការប្រយុទ្ធគ្នាឈានចូលសប្តាហ៍ទីពីរ
ជនស៊ីវិលរងរបួសពីការប្រយុទ្ធគ្នាកំពុងដេកពេញមន្ទីរពេទ្យ
សេតវិមានបាននិយាយថា ខ្លួនមិនមានផែនការជម្លៀសពលរដ្ឋអាម៉េរិកដែលកំពុងជាប់នៅស៊ូដង់នៅឡើយទេ។បើតាមការប៉ាន់ស្មានមានពលរដ្ឋអាម៉េរិកប្រមាណ១៦.០០០នាក់នៅស៊ូដង់។
កាលពីថ្ងៃសៅរ៍ស្ថានទូតបានព្រមានអោយមានការប្រុងប្រយ័ត្នដោយសារស្ថានភាពសន្តិសុខមិនប្រាកដប្រជានៅក្នុងទីក្រុងកាទុំនិងការបិទអាកាសយានដ្ឋាននៅទីនោះ ដែលវាមិនមានសុវត្ថិភាពក្នុងការជម្លៀសពលរដ្ឋអាម៉េរិកនៅក្រោមការសម្របសម្រួលរវាងរដ្ឋាភិបាល៕