ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២២ មេសា ម្សិលមិញនេះ គណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គ បណ្ដុះបណ្ដាល ពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្ត សរុបប្រមាណ ៥០០ នាក់ ។

អ្នកចូលរួម សុទ្ធតែជាជាអ្នកស្ម័គ្រចិត្ត ដើម្បីបម្រើការ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអា ស៊ានប៉ារ៉ាហ្គេម។ វាគ្មិនសំខាន់ៗ ក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន លោក ផាត វិបុលសុភ័ក្ត្រ អនុប្រធានគណៈកម្មការពិធីការ លោក ផន យិនយូរ៉ា អនុប្រធាន ពិធីការ និងកញ្ញា តៃ លីដា អនុប្រធានប្រចាំការពិធីការរបស់ CAMSOC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានមានប្រសាសន៍ថាៈ អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១ អ្វីដែលត្រូវធ្វើ និងទី២ អ្វីដែលយើងកុំធ្វើ គឺដូច ៣កុំ ៣ការពារ អ៊ីចឹងដែរ ដែលជាទូទៅយើងត្រូវអនុវត្ត គោលការណ៍នេះ ហេតុនេះ អ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គង យើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួលខុសត្រូវ ទើបភ្ញៀវមានភាពកក់ក្តៅ និងទទួលបាននូវការទុកចិត្ត ដល់សេវាបម្រើរបស់យើង ដែលកើតចេញពីខ្លួន យើងដោយជំនឿចិត្ត។

លោក អគ្គលេខាធិការ បានសង្កត់ធ្ងន់ថាៈ «នៅក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុក អ្នកស្ម័គ្រចិត្ត ជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម។ បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនិងគាំង ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជាការលើកគុណតម្លៃព្រឹត្តិការណ៍ ឱ្យដំណើរការទៅមុខ តាមរយៈអ្នកស្ម័គ្រចិត្ត ជាង ៦ ០០០ នាក់ បូករួមទាំងអ្នកធ្វើការ តាមសហព័ន្ធកីឡាជាតិ សរុបជិត ១ម៉ឺននាក់ គឺទៅកន្លែងណាក៏មានអ្នកស្ម័គ្រចិត្តយើងទៅដល់ ហើយនេះជាកត្តា សំខាន់»។

កីឡាករ កីឡាការិនីកម្ពុជា បង្កើនគុណផលកីឡាបានល្អ នេះគឺជោគជ័យរបស់ ម្ចាស់ផ្ទះ តែសរុបមកវិញ អ្នកស្ម័គ្រចិត្តទាំងអស់ គឺជា Man Power មានគុណភាព ទើបជោគជ័យ គឺLegacy of the Sea Games In Cambodia ដោយយើងចង់បានកេរ្តិ៍ឈ្មោះល្អ នៅកម្ពុជា យើងកំពុងតែលក់ កិត្តិយសកម្ពុជារបស់យើង ដែលមានផូរផង់ល្អវប្បធម៌ល្អទៅកាន់ពិភពលោក»។

លោកអគ្គលេខាធិការ CAMSOC-CAMPAPGOC រូបនេះ បាន បន្ថែមថាៈ «សារពិសេសៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី គេបានប្រសិទ្ធ នាមឱ្យស៊ីហ្គេម នៅកម្ពុជា គឺជា Free Game ពាក្យថា Free អ្នកណា ក៏ចង់បានដែរ ហើយ Free Game នេះ នៅលើលោកនេះ អត់មានទេ មានតែកម្ពុជាទេ ដែលជាប្រទេសតូចបេះដូងធំ បានធ្វើឱ្យប្រទេសនីមួយៗ បានអបអរសាទរ ក្រោយកម្ពុជាប្រកាស មិនយកកម្រៃ»។

ដូច្នេះ DNA Of The Games (អ្នកស្ម័គ្រចិត្ត) ត្រូវនាំសារថា កម្ពុជាធ្វើ បាន កម្ពុជាធ្វើខុសប្លែកពីគេ ហេតុនេះ យើងត្រូវមានមោទនភាពជាខ្មែរ មោទនភាពជាម្ចាស់ផ្ទះ មោទនភាពថ្នាក់ជាមួយដឹកនាំ ដែលផ្តល់ទឹកចិត្តក្នុង ព្រឹត្តការណ៍ស៊ីហ្គេមនេះ។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មាន ២ ចំណុច ជោគជ័យខ្លាំង គឺទី១ ពិធីបើកបិទ ជាពិសេសពិធីបើក គឺត្រូវធ្វើឱ្យមានភាពអស្ចារ្យ ដែលមិនធ្លាប់មាន ធ្វើកម្រិតស្តង់ ដារអូឡាំពិកពិភពលោក មិនមែនកម្រិតតំបន់ដូចគេនោះទេ ហើយជោគជ័យទី២ គឺបច្ចេកទេសកន្លែងប្រកួតកីឡាស្តង់ដាររៀបចំបានល្អ ការប្រកួតប្រព្រឹត្តទៅ ដោយរលួន ។

លោក វ៉ាត់ ចំរើន បានផ្តាំផ្ញើឱ្យអ្នកស្ម័គ្រចិត្តត្រូវមានវិន័យសេចក្តីថ្នៃថ្នូរ គោរព ពេលវេលា តួនាទី មិនត្រូវធ្វេសប្រហែស ធ្វើឱ្យប្រតិភូកីឡាប្រទេសណា មានការខកចិត្តនោះទេ ហើយលោក ក៏បានស្នើឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ ប្រឆាំងនូវព័ត៌មានក្លែងក្លាយ ប៉ុន្តែជួយផ្សព្វផ្សាយព័ត៌មានផ្លូវការ និងវិជ្ជមានពី ព្រឹត្តការណ៍ថា កម្ពុជាធ្វើការជាក្រុមល្អ មានសាមគ្គីភាពល្អ មានការរៀបរយល្អ នៅពេលស៊ីហ្គេម ចប់ធ្វើឱ្យពិភពលោក មើលមកកម្ពុជានូវរបត់ថ្មីមួយដ៏អស្ចារ្យ ជាមុខមាត់របស់រាជរដ្ឋាភិបាល៕/V/R