ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មេសា​បាន​និយាយថាអនុ​រដ្ឋមន្ត្រីការបរទេស​ចិន លោក​សាន់ វ៉េ​ដុង​(Sun Weidong)បាន​ធ្វើ​ការប្រឆាំង​តវ៉ា​ទៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ចំពោះ​«​ពាក្យសម្តី​ខុសឆ្គង​»​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្តីពី​តៃវ៉ាន់​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ ប្រធានាធិបតី យូ​ន ស៊ុក​យ៉ូល បាន​និយាយថា កំណើន​ភាព​តានតឹង​ជុំវិញ​កោះ​តៃវ៉ាន់​បណ្តាល​មក​ពី​ការ​ប៉ុន​ប៉ង​កែប្រែ​ស្ថានភាព​ជាក់ស្តែង​ដោយ​ប្រើ​កម្លាំង ហើយ​លោក​ប្រឆាំង​ចំពោះ​ការផ្លាស់ប្តូរ​ដូច្នេះ​។​

​លោក​យូ​ន​បាន​និយាយថា​« បញ្ហា​តៃវ៉ាន់​ធម្មតា​មិន​ជា​បញ្ហា​មួយ​រវាង​ចិន​និង​តៃវ៉ាន់​ទេ តែ​ដូច​កូរ៉េខាងជើង​ដែរ វា​ជា​បញ្ហា​សកល​មួយ​»​។​

​តែ​ក្រសួង​ការបរទេស​ចិន​បាន​និយាយថា សម្តី​របស់​យូ​ន​«​មិន​អាច​ទទួលយកបាន​ទាំងស្រុង​»​។​លោក​សាន់​បាន​និយាយថា​«​មេដឹកនាំ​កូរ៉េខាងត្បូង​មិន​បាន​និយាយ​អំពី​គោលការណ៍​ចិន​មួយ តែ​បែរជាប្រៀប​ធៀប​បញ្ហា​តៃវ៉ាន់​ទៅនឹង​បញ្ហា​ឧបទ្វីប​កូរ៉េ​។​កូរ៉េ​ខាងជើង​និង​ខាងត្បូង​ជា​រដ្ឋ​មាន​អធិបតេយ្យ ដែល​ចូលរួម​ក្នុង​អង្គការសហប្រជាជាតិ​។​បញ្ហា​ឧបទ្វីប​កូរ៉េ​និង​តៃវ៉ាន់​ខុសគ្នា​ដាច់​..​មិន​អាច​ប្រៀបធៀប​គ្នា​បានឡើយ​»​។​

​ការតវ៉ា​របស់​លោក​សាន់​កើត​ឡើង​ក្រោយ​ពី​សប្តាហ៍​មុន ក្រសួងការបរទេស​ចិន​បាន​រិះគន់​កូរ៉េខាងត្បូងនិងណែនាំថារដ្ឋាភិបាលទីក្រុងសេអ៊ូលគួរ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​តៃវ៉ាន់​ដោយ​ប្រយ័ត្នប្រយែង​។​

​កូរ៉េខាងត្បូង​បាន​តប​វិញ​ដោយ​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​ចំពោះការ​លើកឡើង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​៕

​ប្រធានាធិបតី​កូរ៉េខាងត្បូង យូ​ន ស៊ុក​យ៉ូល បង្ក​ភាព​តានតឹង​ដោយសារតែ​បញ្ហា​តៃវ៉ាន់​