​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អតីត​ប្រធានាធិបតី​រុស្ស៊ី លោក ឌី​មី​ទ្រី ម៉េត​វេ​ដេ​វ (Dmitry Medvedev) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មេសា​ថា ប្រសិនបើ​ក្រុម​ប្រទេស G-7 ធ្វើ​ចំណាត់ការ​ហាមឃាត់​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​រុស្ស៊ី នោះ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​វិញ ដោយ​បញ្ចប់​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​គ្រាប់​​ធញ្ញជាតិ​សំខាន់ៗ​ពី​អ៊ុ​យក្រែន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ​របស់​ជប៉ុន​បាន​រាយការណ៍​កាល​ពី​សប្តាហ៍​មុន​ដោយ​ស្រង់​ប្រភព​រដ្ឋាភិបាល​ជប៉ុន​ថា ប្រទេស G-7​កំពុង​ពិចារណា​លើ​ការហាមឃាត់​ស្ទើរតែ​ទាំងស្រុង​លើ​ការនាំ​ចេញ​ទៅ​​កាន់​ប្រទេស​រុស្ស៊ី​។​

​គំនិត​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ត្រូវ​បាន​ឈាន​ដល់​ការសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​និង​តួ​ក​គី​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​។​វា​បាន​បើក​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែន​ចំនួន​បី ​បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​អស់​រយៈពេល​ប្រាំ​ខែ​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​កាត់បន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក និង​ដើម្បី​ជួយ​គាំទ្រ​ដល់​អ៊ុ​យក្រែន ដែល​សេដ្ឋកិច្ច​របស់​ខ្លួន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​កសិផល​។​

​រុស្ស៊ី​បាន​គំរាម​ម្តង​ហើយ​ម្តងទៀត​ថា​នឹង​លុបចោល​ការចូលរួម​របស់​ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​គ្រាប់ធ​ញ្ញ​ជា​តិ​ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី ១៨ ខែ​ឧសភា​។​

​លោក​ម៉េត​វេ​ដេវបាន​និយាយ​នៅក្នុងសារ​បង្ហោះ​នៅលើ​បណ្តាញ Telegram របស់​គាត់​ថា “​គំនិត​ចេញពី​ពួក​មនុស្ស​ឆ្កួត​នៅ G-7​អំពី​ការហាមឃាត់​ការនាំ​ចេញ​ទាំង​ស្រុង​មក​កាន់​ប្រទេស​របស់​យើង​តាម​​លំនាំ​ដើម​របស់​ពួកគេ​គឺ​មាន​ភាពស្រស់ស្អាត ដល់​ថ្នាក់​វា​បង្កប់ន័យ​ការហាមឃាត់​សងសឹក​មកលើ​ការ​នាំចូល​ពី​ប្រទេស​របស់​យើង រួម​ទាំង​ប្រភេទ​ទំនិញ​ដែល​មាន​លក្ខណៈ​រសើប​បំផុត​សម្រាប់ G7″​។​

​លោក​បាន​បន្ថែមថា “​ក្នុង​ករណីបែបនេះ កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​និង​អ្វីៗ​ជាច្រើន​ទៀត​ដែល​ពួកគេ​ត្រូវការ​នឹង​បញ្ចប់​សម្រាប់​ពួកគេ​”​។​

G-7​កំពុង​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​វិធីសាស្ត្រ​ដាក់ទណ្ឌកម្ម​របស់ខ្លួន ដូច្នេះ​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​នឹង​ត្រូវ​បាន​ហាមឃាត់​ដោយ​ស្វ័យប្រវត្តិ លុះត្រាតែ​ពួកវា​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ផលិតផល​ដែល​បាន​កំណត់​ជាមុន ដែល​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ទៅកាន់​ប្រទេស​នេះ​។​

​ក្រោម​ក្របខណ្ឌ​បច្ចុប្បន្ន ទំនិញ​ត្រូវបាន​អនុញ្ញាត​ឱ្យ​លក់​ទៅ​រុស្ស៊ី លុះត្រាតែ​ពួកវា​ត្រូវបាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​៕

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​កាត់បន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក និង​ដើម្បី​ជួយ​គាំទ្រ​ដល់​អ៊ុ​យក្រែន