​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ប៉ូលីស​កេន​យ៉ា​បានគាស់​សាកសព​ចំនួ​ន ៤៧ នាក់​ចេញពី​ផ្នូរ​នៅ​ជិត​ទីក្រុង​មាត់សមុទ្រ ម៉ា​លីន​ឌី (Malindi) ខណៈ​ពួកគេ​កំពុង​ស៊ើបអង្កេត​អាចារ្យ​ម្នាក់ ដែល​គេ​និយាយ​ថា​បាន​ប្រាប់​ឱ្យ​សាវ័ក​របស់​គាត់​បង្អត់​អាហារ​ដល់​ស្លាប់​ដើម្បី​បាន​ជួប​ព្រះ​យ៉េ​ស៊ូ​។​

​សាកសព​កុមារ​បាន​ស្ថិតក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​។ ប៉ូលីស​បាន​និយាយថា ការ​គាស់​សព​ចេញពី​ផ្នូរ​កំពុង​បន្ត​។​

​ផ្នូរ​រាក់ៗ​គឺ​ស្ថិតនៅក្នុង​ព្រៃ​សា​កា​ហូ​ឡា (Shakahola) ជា​កន្លែង​ដែល​សមាជិក​១៥ នាក់​នៃ​ព្រះវិហារ​គ្រិស្ត​ឈ្មោះថា Good News International ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​សប្តាហ៍​មុន​។​

​មេដឹកនាំ​ព្រះវិហារ​នេះ លោក ផូល ម៉ាកេ​ន​ហ្ស៊ី អិន​ថេង (Paul Makenzie Nthenge) កំពុង​ជាប់​ឃុំ ដោយ​រង់ចាំ​ការ​បង្ហាញខ្លួន​នៅ​តុលាការ​។​

​ទូរទស្សន៍​រដ្ឋ KBC បាន​ពណ៌នា​គាត់​ថា​ជា “​មេដឹកនាំ​សាសនា​” ហើយ​បាន​រាយការណ៍​ថា​រហូត​មកដល់ពេលនេះ ផ្នូរ​ចំនួន ៥៨ ត្រូវបាន​កំណត់​។​

​ផ្នូរ​មួយ​ក្នុងចំណោម​នោះ​ត្រូវ​គេ​ជឿ​ថា​មាន​សាកសព​សមាជិក ៥ នាក់​នៃ​គ្រួសារ​តែ​មួយ គឺ កូន​បី​នាក់​និង​ឪពុក​ម្តាយ​របស់​ពួកគេ​។​

​លោក​អាចារ្យ​អិន​ថេង​បាន​បដិសេធថា​មិន​បាន​ប្រព្រឹត្ត​ខុស ប៉ុន្តែ​ត្រូវបាន​បដិសេធ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ​។ លោក​ទទូច​ថា​លោក​បាន​បិទ​ព្រះវិហារ​ក្នុង​ឆ្នាំ ២០១៩​។​

​តាម​ការចោទប្រកាន់ លោក​បាន​ប្រាប់​សាវ័ក​របស់​គាត់​ឱ្យ​បង្អត់អាហារ​ដើម្បី “​ជួប​ព្រះ​យេស៊ូ​”​។​

​កាសែត​ប្រចាំថ្ងៃ​របស់កេន​យ៉ា The Standard បាន​និយាយថា គ្រូពេទ្យ​នឹង​យក​សំណាក DNA​និង​ធ្វើតេស្ដិ៍​ដើម្បី​កំណត់​ថា​តើ​ជនរងគ្រោះ​ស្លាប់​ដោយសារ​បង្អត់អាហារ​ឬ​យ៉ាងណា​។​

​ប៉ូលីស​បាន​ចាប់ខ្លួន​លោក​អិន​ថេង​កាលពី​ថ្ងៃទី ១៥ ខែ​មេសា បន្ទាប់ពី​បាន​រកឃើញ​សាកសព​មនុស្ស​បួន​នាក់ ដែល​សង្ស័យ​ថា​បាន​បង្អត់អាហារ​ខ្លួន​ឯង​រហូត​ដល់​ស្លាប់​។​

​លោក វី​កទ័រ គូ​ដូ (Victor Kaudo)​មក​ពី​មជ្ឈមណ្ឌល​យុត្តិធម៌​សង្គម​ក្រុង​ម៉ាល់​លីនឌី បាន​ប្រាប់​ទូរទស្សន៍ Citizen TV ថា “​នៅពេល​យើង​នៅក្នុង​ព្រៃ​នេះ​ហើយ​មក​ដល់​តំបន់​ដែល​យើង​ឃើញ​ឈើ​​ឆ្កាង​ដ៏​ធំ​និង​ខ្ពស់​មួយ យើង​បានដឹង​ថា​មាន​មនុស្ស​ច្រើន​ជាង​ប្រាំ​នាក់​ត្រូវបាន​កប់​នៅ​ទីនោះ​”​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កេន​យ៉ា លោក គី​ធួ​រ៉េ គីន​ឌី​គី (Kithure Kindiki) បាន​និយាយថា ព្រៃ​ទំហំ ៨០០ អារ (៣២៣ ហិកតា​) ត្រូវ​បាន​ហ៊ុម​ព័ទ្ធ និង​ប្រកាស​ជាទី​តាំង​ឧក្រិដ្ឋកម្ម​។​

​កេន​យ៉ាគឺ​ជាប្រ​ទេសជឿ​សាសនា​ងប់ង​ល់​មួយ ហើយ​ពីមុនៗ​មក​ធ្លាប់​មាន​ករណី​មនុស្ស​ត្រូវបាន​បញ្ឆោត​ឱ្យចូល​ព្រះវិហារ​ឬ​សាសនា​ដែល​មាន​គ្រោះថ្នាក់​និង​គ្មាន​ច្បាប់​៕

​ប៉ូលីស​កំពុង​បន្ត​កាយ​ផ្នូរ​ជាច្រើន​ដើម្បី​រក​សាកសព​បន្ថែម​ទៀត​ក្នុងព្រៃ​សា​កា​ហូ​ឡា