ដោយ ៖ សោម ប៊ុនថន អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត/ភ្នំពេញ៖មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំកម្មវិធី​សម្រាប់​អ្នក​រស់រាន​មានជីវិតពីរបបខ្មែរក្រហមចំនួន៥០០នាក់ ដើម្បីផ្តល់ឱកាសឱ្យអ្នកទាំងអស់នេះ បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតពិត និងបញ្ហាសុខភាពរបស់ខ្លួន តាមរយៈប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈ។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាមានការជួបប្រជុំជាមួយស្ថាប័នឯកជន, អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ចំនួន១៥រូប ដើម្បីរៀបចំការផ្សព្វផ្សាយអំពីបទពិសោធន៍ជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការផ្សព្វផ្សាយនេះមានការចូលរួមពីក្រុមតូរ្យតន្រ្តី, ស្ថាបត្យករ, សិល្បករ-សិល្បការិនី, អ្នកផលិតវីដេអូ, អ្នកស្ម័គ្រចិត្ត, បណ្តាញ​ទូរទស្សន៍​ឯកជន, អ្នកស្រាវជ្រាវ, សារព័ត៌មាន, អង្គការមជ្ឈមណ្ឌលព័ត៌មាន, មន្ទីរសម្រាកព្យាបាលឯកជន និងសហគមន៍ចាម ដែលក្រុមនីមួយៗ​មានយន្តការខុសៗគ្នាក្នុងការផ្សព្វផ្សាយ ទៅកាន់សាធារណជនអំពីរឿងជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រាន​មានជីវិតពីសម័យ​ខ្មែរក្រហម។

នៅក្នុងក្រុមតូរ្យតន្រ្តី យើងបានគិតពិចារណាក្នុងការកសាងឡើងវិញអំពីបទចម្រៀងដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមធ្លាប់​បាន​ច្រៀងជាដំបូង ដូចជាបទ «ឱ! ភ្នំពេញអើយ»។ យើងនឹងពិចារណាថា ថាតើគួរបន្លឺឡើងនូវសំនៀងពីសម័យខ្មែរក្រហមដែរឬទេ​តាមរយៈ​អ្នកចម្រៀងពីរបបខ្មែរក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីបង្ហាញអំពីការផ្សះផ្សា លែងមានការរើសអើង និងលែងមាន​ការបែងចែកកូនឬចៅខ្មែរក្រហមតទៅទៀត។

នៅក្នុងក្រុមអ្នកសិក្សាស្រាវជ្រាវ យើងកំពុងស្រាវជ្រាវរកទីតាំងដែលអ្នកជំនាញការរុស្ស៊ីផ្នែកកសិកម្មចំនួន៧រូប ដែលត្រូវបានខ្មែរក្រហម​សម្លាប់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាតឹកតាងសំខាន់បង្ហាញថា របប​ខ្មែរក្រហមនៅបន្តរស់រានមានជីវិត ទោះបីជានៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ក៏ដោយ ហើយក្រុមឧទ្ទាមនៅតែបង្កហានិភ័យ និងកាប់សម្លាប់ប្រជាជន។

ចំណែកក្រុមសិល្បករ និងអ្នកចម្រៀងរបស់យើង ពេជ្រ ចរិយា នឹងចូលរួមគ្រប់សកម្មភាពប្រជុំតាមមូលដ្ឋានផ្សព្វផ្សាយអំពីការអប់រំ និងថែរក្សាសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូចជា ការពិនិត្យសុខភាពបឋមនៅតាមបណ្តាភូមិស្ថាននានា តាមរយៈ​ការចែករំលែកបរិយាកាសសប្បាយរីករាយដល់ប្រជាជននៅតាមមូលដ្ឋានឆ្ងាយៗ និងមានការថតជាវីដេអូខ្លីៗ។ ក្នុងនោះ យើងក៏មានក្រុម​យុវជនដែលកំពុងធ្វើវីដេអូខ្លី អំពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមភូមិស្រុកដាច់ស្រយាលមួយចំនួនហើយដែរ។

ចំពោះក្រុមស្ថាបត្យកម្ម យើងរំពឹងថាគាត់នឹងជួយធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលសហគមន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅ​តាមភូមិ​នីមួយៗមានលក្ខណៈ ជាកន្លែងប្រជុំជនសម្រាប់មនុស្សគ្រប់រូប បង្កឱ្យ​មានការជួបជុំគ្នាដើម្បីនិយាយអំពីការបង្រៀនប្រវត្តិសាស្រ្តកម្ពុជា​ប្រជាធិបតេយ្យ ជាកន្លែងដែលគាត់អាចផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នាតាមរយៈការតាំងពិព័រណ៍ និងដោយប្រើប្រាស់ធនធានក្នុងស្រុក ប៉ុន្តែមានផលប្រយោជន៍ធំធេងដល់សហគមន៍។ ឧទាហរណ៍ ដូចដែលយើងបានសង់មជ្ឈមណ្ឌលសហគមន៍នៅស្រុកវាលវែង និងនៅ​ភូមិបាក់នឹម ដើម្បីបម្រើដល់សហគមន៍ជាដើម។

ម្យ៉ាងទៀត យើងនឹងមានក្រុមស្ថាបត្យករជួយរចនានិមិត្តសញ្ញារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលមានតាំងពីយូរមកហើយឡើងវិញ។ យើងរំពឹងថានិមិត្តសញ្ញានេះនឹងដើរតួរនាទីជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោះបង្គោលសម្គាល់ទីតាំងដែលជាកន្លែងអំពើឧក្រិដ្ឋកម្ម ដែលបានកើតឡើងកាលពីសម័យខ្មែរក្រហម ព្រមទាំង បោះបង្គោលនៅតាមទីប្រជុំជនដើម្បីផ្សព្វផ្សាយអំពីរឿង​សុខភាពអ្នករស់រានមាន​ជីវិតពី​សម័យខ្មែរក្រហម។

នៅក្នុងនោះដែរ យើងមានបណ្តាញសារព័ត៌មានឯកជន ដែលយើងរំពឹងថា ប្រធានក្រុមផ្សព្វផ្សាយរបស់យើងនឹងធ្វើយ៉ាងណាឱ្យ​ប្រជាជន​ចំនួន៥០០នាក់ បានមកកាន់បន្ទប់ថតសំឡេងរបស់ស្ថានីយទូរទស្សន៍ ស៊ី.ធី.អិន ក៏ដូចជា ស្ថានីយវិទ្យុរបស់អង្គការមជ្ឈមណ្ឌលព័ត៌មាន​ស្រ្តីកម្ពុជា, មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា និងសារព័ត៌មានហ្វ្រេសញូវ ដើម្បីឲ្យគាត់មានឱកាសនិយាយរៀបរាប់អំពីបទ​ពិសោធន៍​ជីវិតពិតរបស់ខ្លួន និងជាពិសេសឆ្លើយទៅនឹងសំណួរមួយថា តើមានរឿងអ្វីនៅក្នុងសម័យខ្មែរក្រហមដែលគាត់មិនអាច​បំភ្លេចបាន​ទាល់តែ​សោះ ដើម្បីឱ្យក្មេងៗបានដឹង ហើយជាការរំឭកយើងទាំងអស់គ្នាកុំឱ្យភ្លេចថា រឿងនេះគឺជារឿងប្រវត្តិសាស្រ្តកម្ពុជា កុំឱ្យវាកើត​ឡើងជាថ្មី​ម្តងទៀត។ យើងចង់ឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានឱកាសក្នុងការចែករំលែករឿងរ៉ាវជីវិតរបស់គាត់ ដោយសារភាគ​ច្រើន​ប្រជាជនរបស់យើងមិនបានចូលរួមដោយផ្ទាល់ជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ជាចុងក្រោយយើងមានក្រុមសិល្បៈ ដែលបានសហការជាមួយបណ្ណាល័យសម្តេចម៉ែតាំងពីកកើតដំបូងមក។

ការប្រជុំនេះ គឺជាការប្រជុំលើកដំបូងក្រោយពេលដែលមានការរាតត្បាតពីជំងឺកូវីដ-១៩។ យើងរំពឹងថាការផ្សព្វផ្សាយនេះ​នឹងជួយឱ្យ​យុវជនជំនាន់ក្រោយផ្តល់ការគោរព និងការដឹងគុណ និងឈ្វេងយល់ព័ត៌មានពិត ប្រវត្តិសាស្រ្តពិត ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាអ្នកភូមិផងរបងជាមួយនៅក្នុងភូមិស្រុកជាមួយគ្នា ហើយក៏ដូចជាឱកាសដើម្បីរំឭកឡើងវិញថា អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហមទាំងអស់នេះ គឺជាអ្នកកសាងជាតិតាំងពីបាតដៃទទេតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។

យើងចង់ឱ្យមានការយកចិត្តទុកដាក់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះ ព្រោះភាគច្រើនគាត់មានវ័យកាន់តែចំណាស់ ហើយបញ្ហាសុខភាពក៏កាន់តែទ្រុឌទ្រោម ស្របពេលជាមួយគ្នានេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួននៅមានជីវភាព​ខ្វះខាតនៅឡើយ។

ការប្រជុំនេះមានសារសំខាន់បង្ហាញអំពីការយកចិត្តទុកដាក់របស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលនៅបន្តធ្វើការជាមួយគ្នាជារៀងរហូត៕សរន

 

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាមានការជួបប្រជុំជាមួយស្ថាប័នឯកជន, អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ចំនួន១៥រូប ដើម្បីរៀបចំការផ្សព្វផ្សាយអំពីបទពិសោធន៍ជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ (ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)