ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អ៊ែនថូនី ប្លីងកិន បាននិយាយថា ឧត្តមសេនីយ៍ដែលកំពុងប្រយុទ្ធគ្នារបស់ស៊ូដង់បានយល់ព្រមលើបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃអង្គារទី២៥មេសា បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងទីក្រុងរយៈពេល១០ ថ្ងៃបានសម្លាប់មនុស្សរាប់រយនាក់ របួសរាប់ពាន់នាក់និងបង្កឱ្យមានការជម្លៀសជនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការប្រឹងប្រែងពីមុនដើម្បីផ្អាកជម្លោះបានបរាជ័យ ប៉ុន្តែលោកប្លីងកិនបាននិយាយថា “បន្ទាប់ពីការចរចាដ៏ខ្លាំងក្លារយៈពេល ៤៨ ម៉ោងកន្លងមក កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)និងកងកម្លាំងគាំទ្ររហ័ស (RSF) បានយល់ព្រមអនុវត្តបទឈប់បាញ់ទូទាំងប្រទេសដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៤ ខែមេសា ដែលមានរយៈពេល ៧២ ម៉ោង”។
សេចក្តីថ្លែងការណ៍របស់លោកប្លីងកិនបានកើតឡើងពីរម៉ោងមុនពេលបទឈប់បាញ់ត្រូវចូលជាធរមានចាប់ពីម៉ោង ២២៖០០ ថ្ងៃចន្ទ។
អគ្គលេខាធិការអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េស បានព្រមានមុននេះថា ប្រទេសស៊ូដង់កំពុងស្ថិតនៅលើ “មាត់ជ្រោះដ៏ជ្រៅ” ហើយថា អំពើហិង្សាអាចហ៊ុមព័ទ្ធតំបន់ទាំងមូល និងហួសពីនេះទៅទៀត។
ការប្រយុទ្ធគ្នានេះបានធ្វើឱ្យកងកម្លាំងស្មោះត្រង់នឹងមេទ័ព អាប់ឌែល ហ្វាតតា អាល់ បឺហាន (Abdel Fattah al-Burhan) ប្រឆាំងនឹងអតីតអនុប្រធានរបស់គាត់គឺលោក ម៉ូហាម៉េដ ហាមដាន់ ដាកឡូ (Mohamed Hamdan Daglo) ដែលបញ្ជាកងជីវពល RSF។
កងជីវពល RSF គឺកើតចេញពីកងជីវពលចានចាវីដ (Janjaweed) ដែលប្រធានាធិបតីជំនាន់នោះ លោក អូម៉ា អាល់ បាសៀ (Omar al-Bashir) បានបង្កើតឡើងនៅតំបន់ដាហ្វួ (Darfur) ជាហេតុនាំឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងលោកបាសៀនិងអ្នកដទៃទៀត។
កម្លាំងសេរីភាពនិងការផ្លាស់ប្តូរ ជាប្លុកស៊ីវិលដ៏សំខាន់ដែលត្រូវមេទ័ពទាំងពីរទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ បាននិយាយថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យមាន “ការសន្ទនាលើទម្រង់នៃបទឈប់បាញ់ជាអចិន្ត្រៃយ៍”។
យោងតាមទីភ្នាក់ងារអ.ស.បនានាបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤២៧ នាក់បានស្លាប់ និងជាង ៣.៧០០ នាក់បានរងរបួស៕
កងកម្លាំងយោធាស្មោះត្រង់នឹងលោកបឺហានអង្គុយលើរថក្រោះក្នុងកំពង់ផែស៊ូដង់
ជនបរទេសបាននិងកំពុងត្រូវជម្លៀសចេញពីស៊ូដង់