ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ មនុស្សប្រមាណជាង ១.៥០០ នាក់ បានចូល រួម ក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម –អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ។
ក្បួនដង្ហែបានចេញដំណើរ ពីស្ថានអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងវៀងច័ន្ទន៍ ដោយបញ្ចប់ នៅក្នុងបរិវេណចេតិយវត្តប្រាថាតហ្លួង(Pra That Laung) ដែលមានចម្ងាយជិត ៦ គីឡូម៉ែត្រ ។
ពិធីដង្ហែនេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC នេះ មានការចូលរួមពីលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ, លោក អាត់សាផាងថង ស៊ីផានសន (Atsaphangthong Siphansone) អភិបាលក្រុង វៀងច័ន្ទន៍, លោកស្ល៊ូណាសាយ ស៊ូនណាឡាត (Slunaxay Sounnalath) រដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរាជទូតបណ្ដាប្រទេស ក្នុងតំបន់ប្រចាំប្រទេសឡាវ ជាច្រើនទៀតផង។
គិតត្រឹមថ្ងៃនេះ នៅសល់ ១០ ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងឈានដល់ ពិធីបើក ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី ៥ ខែឧសភា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ និងការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣ ។
ពិធីដង្ហែនេះ គឺជាវិធីដ៏ល្អមួយ ក្នុងការអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ លើកដំបូង នៅកម្ពុជា ជាមួយប្រទេសជាមិត្ត ក្នុងតំបន់ ដ្បិតឡាវ គឺជាប្រទេស ក្រោយគេក្នុងតំបន់ ដែលបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា មុនដង្ហែត្រឡប់ ចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសា ខាងមុខ។
ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិ ជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ នៅប្រទេស វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ីទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា និងទទួលបានជោគជ័យ នៅទីក្រុងវៀងច័ន្ទន៍ ថ្ងៃនេះ ។
តាមការគ្រោងទុក ក្រោយពិធីដង្ហែនៅឡាវ ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្ដដំណើរ ពីទីក្រុងវៀងច័ន្ទន៍ ទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ នាថ្ងៃទី២៦ មេសា មុនពិធីដង្ហែត្រឡប់ចូលកម្ពុជាវិញ នាថ្ងៃទី២៧ មេសា តាមច្រកទ្វារព្រំដែន អន្ដរជាតិ ត្រពាំងគ្រៀល–ណងណុកឃៀន ខេត្តស្ទឹងត្រែង ដោយនឹងមានមន្ដ្រី ជាន់ខ្ពស់កម្ពុជា មានទទួលស្វាគមន៍ នៅព្រំដែនអន្ដរជាតិ ខាងលើ ជាមួយការចូលរួមដង្ហែ និងអបអរសាទរពីមន្ដ្រី ព្រមទាំងកីឡាករ–កីឡាការិនីឡាវ ពីទីក្រុងប៉ាក់សេ ៕/V-PC