ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាស មុននេះបន្តិចថា នៅព្រឹកថ្ងៃទី២៥ មេសា នេះ សំបុត្រសម្រាប់ចូលទស្សនា បាល់ទាត់ ដែលចែកជូនទស្សនិកជន ដោយមិនគិតកម្រៃនោះ បានចែកចាយ អស់ហើយ។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមាន ប្រសាសន៍ថាៈ គ្រាន់តែថ្ងៃទី២៤ មេសា ម្សិលមិញនេះការចែកចាយសំបុត្រ សម្រាប់ទស្សនាកីឡាបាល់ទាត់ស៊ីហ្គេម បានចែកអស់ចំនួន ១៤.៣០០ សន្លឹក។
ថ្ងៃនេះ (២៥មេសា) សំបុត្រ នៅសល់ចំនួន ៥.០០០ សន្លឹកទៀត សម្រាប់ចែក ចាយបន្ត ក្នុងជំនួបដំបូង នាស៊ីហ្គេមលើកទី៣២ថ្ងៃទី២៩ មេសា រវាងកម្ពុជា ទល់ទីម័រខាងកើត និង ហ្វីលីពីន ទល់ឥណ្ឌូណេស៊ី ។
សំបុត្រដែលនៅសល់នេះ បានចែកចាយបន្ត ដែលអ្នកទស្សនា អាចទៅទទួល យកបាន នៅ នៅតាមទីតាំង ចំនួន៦ រួមមាន ផ្សារទំនើបអីុអនម៉ល ១ ចំនួន ១.០០០ សន្លឹក, ផ្សារទំនើបអីុអនម៉ល ២ ចំនួន ១.០០០ សន្លឹក, ផ្សារទំនើបអីុ អនម៉ល ៣ ចំនួន ៥០០សន្លឹក, Eden Garden (រោងភាពយន្ដ Legend) ចំនួន ១.០០០ សន្លឹក និងពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន ១.៥០០ សន្លឹក ។
តែពេលនេះ សំបុត្រអស់រលីងហើយ។ សំបុត្រចែកចាយអស់ មានន័យថា កៅអីសម្រាប់ទស្សនិកជន ក៏មិនមាននៅសេសសល់អ្វីដែរ។
សហព័ន្ធកីឡាបាល់ទាត់ បានអំពាវនាវដល់បណ្ដាអ្នកគាំទ្រ និងអ្នកនិយមកីឡា បាល់ទាត់ ដែលមិនបានទទួលសំបុត្រ ចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិទេនោះ បងប្អូនអាចទស្សនា ការផ្សាយផ្ទាល់លើទូរទស្សន៍ បាន ៕/V-PC