ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អាជ្ញាធរមានសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ លើកទឹកចិត្ត និងការពារដល់អ្នកវិនិយោគ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយផ្តល់ការរីកចម្រើន ដល់ច្រើនផ្នែក ដូចជាខ្លួនឯង ជាផ្នែកឯកជន ផ្នែកសាធារណជន ឬពលរដ្ឋ និងផ្នែករដ្ឋ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងដូច្នេះ កាលពីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលលោកបានអញ្ជើញជាអធិបតី ជាមួយមន្ត្រី និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃធីធីភី គ្រុប (T.T.P Land )​ ក្នុងពិធីសម្ពោធជាផ្លូវការគម្រោងលំនៅឋាន និងដីឡូតិ៍ របស់ខ្លួន នាផ្លូវជាតិលេខ៥ ភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរសោភ័ណ ជាប់ព្រំប្រទល់ ភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃធីធីភី គ្រុប បានឱ្យដឹងថាៈ វត្តមានរបស់គណៈអភិបាលខេត្ត និងមន្ត្រី ពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុក ដាក់ ចំពោះការងាររបស់ក្រុមហ៊ុនអចលនទ្រព្យថ្មីមួយ ក៏ដូចជា ចំពោះវិស័យ ឯកជន នៅខេត្តបន្ទាយមានជ័យ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមគោល នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ទស្សនៈវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់ជូននូវគេហដ្ឋានតាមក្តីស្រមៃ ការចង់បានរបស់អតិថិជនគ្រប់ៗគ្នា។ គម្រោងលំនៅដ្ឋាននេះ សាងសង់ឡើង ដោយប្រើប្រាស់សម្ភារៈ និងបំពាក់ដោយគ្រឿងបរិក្ខារ ទាន់សម័យ មានគុណ ភាពខ្ពស់។ ឯការរចនាម៉ូដ គឺតាមរចនាបថសម័យថ្មី ទាំងក្នុងនិងក្រៅរបស់លំនៅ ដ្ឋាននីមួយៗ ។ ម្យ៉ាងទៀត គម្រោងនេះ ស្ថិតនៅតំបន់ដែលមានសក្តានុពល ដើម្បីធានាជូនអតិថិជនរបស់យើង ទទួលបាននូវ “ភាពជឿជាក់ក្នុង ការរស់នៅ”។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមទៀត ទីនេះមានផ្ទៃដីចំនួន ១៨៥ ហិកតា មានទីតាំងខាងលើ។ ការអភិវឌ្ឍជំហានទី១ ក្នុងគម្រោង និងប្រើប្រាស់ ផ្ទៃដី ចំនួន ៧៨,៥ ហិកតា មានការសាងទៅលើផ្ទះប្រភេទវីឡាទោល ចំនួន ៩៥១ ផ្ទះ (ដែលមានទំហំដី ៨ម. គុណនឹង ២០ ម. និងទំហំផ្ទះ ៦ម. គុណនឹង ១៤ម.) ដូចមានផ្ទះគំរូស្រាប់ និងមានដីឡូត៍សរុប ចំនួន ៣.២៤៩ ឡូត៍ (ដែលទំហំដីចាប់ពី ៥ម. គុណនឹង​ ២០ម. ទំហំដី ១០ម. គុណនឹង ២០ម. និងជាពិសេស មានប្រភេទទំហំដី តាមអតិថិជនតំរូវការជាក់ស្ដែង) បន្ថែម
និងក៏មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ក្នុងខេត្តមានតំបន់សេដ្ឋកិច្ចពិសេស៤ និងសួនឧស្សាហកម្ម១ មានរោងចក្រធំ ២០ មូលដ្ឋាន ហើយផ្តល់ការងារធ្វើ ដល់កម្មករ និយោជិត ចំនួន ២ ម៉ឺននាក់ ។

លោក អ៊ុំ រាត្រី បានបន្តថាៈ អាជ្ញាធរមានសមត្ថកិច្ច សូមស្វាគមន៍ និងលើកទឹក ចិត្ត ដល់វិនិយោគិន ក្នុងនិងក្រៅស្រុក (បរទេស) ចូលមកពិនិត្យ រកឱកាស បណ្តាក់ទុន ការអភិវឌ្ឍន៍ លើវិស័យសេដ្ឋកិច្ច នៅក្នុងខេត្តនេះ គឺដូចជា ក្រុមហ៊ុនធីធីភី ឡែននេះ បានមកវិនិយោគ លើអចលនទ្រព្យ ពិតជាមានភាព ត្រឹមត្រូវ មានច្បាប់អនុញ្ញាត មានបែបបទពីជំនាញ និងអាជ្ញាធរគ្រប់ថ្នាក់ ដែលអាចផ្តល់ភាពជឿជាក់ ដល់បងប្អូនប្រជាពលរដ្ឋបាន ។

ក្នុងនាម អាជ្ញាធរ និងសមត្ថកិច្ច លោកក៏ជំរុញឱ្យក្រុមហ៊ុន យកចិត្តទុកដាក់ និងលើកកម្ពស់លើគម្រោងលំនៅឋាន តម្លៃសមរម្យ សម្រាប់អ្នកមានចំណូល ទាប និងមធ្យម ៘ ហើយក្រុមហ៊ុន ក៏ខិតខំដាំដើមឈើ ធ្វើសួនច្បារ ការការពារបរិស្ថាន ដើម្បីរួមចំណែកទប់ស្កាត់ បម្រែបម្រួលអាកាសធាតុ ឬការឡើងកំដៅផែនដី ផងដែរ ៕ V / N