ដោយ:បូកគោ/កែប: គ្រូបង្វឹក ក៏ដូចជាកីឡាករបានបញ្ជាក់ថាទោះបីថ្ងៃប្រកួតខិតជិតចូលមកដល់ក្តី ក្រុមកីឡាករទ្រីយ៉ាងត្លុងកម្ពុជានៅតែបន្តហ្វឹកហាត់ដើម្បីបន្ស៊ាំជាមួយទីលាន បរិយាកាស និងកម្ដៅថ្ងៃដោយអនុវត្តតាមលក្ខណៈបច្ចេកទេស ពោលគឺមិនសម្រុកខ្លាំងដូចមុនពេកទេ ដោយ ប្រតិភូកីឡា ព្រមទាំងគណៈកម្មការកីឡាអន្តរជាតិនឹងមានវត្តមានក្នុងខេត្តកែបនៅថ្ងៃទី៣០ ខែមេសាខណៈដែលក្រុមកីឡាករនឹងមកដល់ជុំគ្នានាថ្ងៃទី៤ ខែឧសភាខាងមុខ។
លោកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកកីឡាករទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ឱ្យដឹងថា មកដល់ពេលនេះ ក្រុមកីឡាករកម្ពុជានៅតែបន្តហ្វឹកហាត់ដើម្បីបន្សាំខ្លួនជាមួយទីលាន បរិយាកាស និងកម្ដៅថ្ងៃ ព្រមទាំងអនុវត្តតាមលក្ខណៈបច្ចេកទេសបន្ថែមមួយចំនួនទៀតទោះបីថ្ងៃប្រកួតកាន់តែខិតជិតមកដល់ក្តី។ នៅថ្ងៃទី៣០ ខែមេសាខាងមុខក្រុមកីឡាករទ្រីយ៉ាត្លុងកម្ពុជានឹងប្តូរទីស្នាក់នៅពីកន្លែងប្រមូលផ្តុំរបស់ក្រសួងដែលបានរៀបចំកន្លងមកទៅសណ្ឋាគារមួយត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ គ្រូបង្វឹកដដែលបានបន្តថា ថ្ងៃនោះដែរ ប្រតិភូកីឡា និងគណៈកម្មការកីឡាអន្តរជាតិនឹងមានវត្តមានក្នុងខេត្តកែប ស្របពេលក្រុមកីឡាករ៦ប្រទេសដែលត្រូវចូលរួមនឹងមកជុំគ្នាត្រឹមថ្ងៃទី៤ ខែឧសភា។ រីឯ ការប្រកួតនឹងធ្វើឡើងចាប់ពីព្រឹកថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។
កញ្ញា ថន សុម៉ាវតី ម្ចាស់មេដាយប្រាក់ទ្រីយ៉ាត្លុងក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅហុងកុងបានប្រាប់ឱ្យដឹងថា ក្រុមកីឡាទ្រីយ៉ាងត្លុងកម្ពុជា បានត្រៀមខ្លួនរួចរាល់រង់ចាំតែថ្ងៃប្រកួតចូលមកដល់ប៉ុណ្ណោះ។ កញ្ញាមានអារម្មណ៍រំភើបផង ភ័យអរផង ប៉ុន្តែក្រុមកីឡាទ្រីយ៉ាងត្លុងកម្ពុជាមានប្រៀបច្រើនសម្រាប់ការប្រកួតលើកនេះដោយសារកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
តាមការបញ្ជក់របស់គ្រូបង្វឹកថា ប្រតិភូ និងកីឡាករអន្តរជាតិមកចូលរួមប្រកួតកីឡាទ្រីយ៉ាងត្លុងដែលនឹងរៀបចំនៅបរិវេណឆ្នេរកែបគឺមានក្រុមកីឡាមកចូលរួមចំនួន៦ប្រទេសជាមួយកីឡាករជាង២០០នាក់៕/PC