ដោយៈម៉េងឆៃ,បូព៌ព្រឹក្ស/ភ្នំពេញ៖ប្រសិនជាពុំមានការប្រែប្រួលទេនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង៣:០០រសៀល គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមសហការជាមួយ ក.អ.ក នឹងរៀបចំសន្នីសីទ សារព័ត៌មានពិសេសមួយ នៅពហុកីទ្បដ្ឋានជាតិមរតកតេជោទាក់ទងនឹងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។នៅថ្ងៃទី២៥ខែមេសានេះដែរពិធីដង្ហែព្រះអគ្គិជ័យកីឡានិងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣បានដង្ហែនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលជាគោលដៅចុងក្រោយ។គិតត្រឹមថ្ងៃទី២៥ខែមេសា នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះពិធីបើកស៊ីហ្គេមចាប់ផ្តើម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)នៅរសៀលថ្ងៃទី ២៥ខែមេសាឆ្នាំ២០២៣បានបញ្ជាក់ថា សន្នីសីទសារព័ត៌មាននេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនិងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍។សន្នីសីទសារព័ត៌មានខាងលើនេះមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលកំពុងតាមដាន និងមាន បំណងចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ។
ក.អ.ក សូមអញ្ជើញ អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិចូលរួមដោយសោមនស្សរីករាយ។អ្នកកាសែតដែលមានបំណងចូលរួម អាចមកចុះឈ្មោះជាមួយក្លិបអ្នកកាសែតកម្ពុជាដោយសូមទំនាក់ទំនងចុះឈ្មោះតាមប្រព័ន្ធតេឡេក្រាមលេខ ០១២ ៨៩៥ ៨៥៣និងលេខ០១៧ ៣៩៧ ២៩៤ ។
សូមជម្រាបដែរថា នៅព្រឹកថ្ងៃទី២៥ ខែមេសា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលជាគោលដៅចុងក្រោយបានបញ្ចប់ទៅដោយរលូនព្រមទាំងទទួលបានជោគជ័យ។ពិធីដង្ហែបានធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, លោក Atsphangthong Siphandone អភិបាលរដ្ឋធានីវៀងចន្ទន៍ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកឡាវ, លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ,លោក Alounxay Sounnalath រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី, លោកស្រី Khanthaly Siriphonghane អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា និងជាប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកឡាវ និងអត្តពលិក រួមទាំងការសាទរពីប្រជាជនឡាវ ប្រមាណ ១៥០០នាក់៕សរន