ដោយៈ មុនីរត្ន / ភ្នំពេញៈ សមត្ថកិច្ច បានកំពុងសាកសួរលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ទាក់ទងករណីប្រើអំពើហិង្សា លើភរិយារបស់ខ្លួន។ ការហៅអភិបាលរងក្រុងបូកគោ មកសាកសួរនេះ គឺបន្ទាប់ពីគណនីហ្វេសប៊ុក ឈ្មោះ AL Leak បានបង្ហោះទម្លាយរឿងលោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ ធ្វើបាបភរិយា។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ រស្មីកម្ពុជា មុននេះបន្តិចថាៈ “ខ្ញុំកំពុងហៅលោកអភិបាលរងនឹង មកសួរនាំ ឥឡូវ កំពុងតែសួរគាត់ នៅអធិការដ្ឋានក្រុងបូកគោ”។

គណនីហ្វេសប៊ុកឈ្មោះ AL Leak បានសរសេរបង្ហោះថាៈ “នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំ បានរួមរស់នៅជាមួយគ្នា តាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបាន ទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើ អំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូប នាងខ្ញុំ មករហូត រហូតមកដល់ ពេលនេះ នាងខ្ញុំ ឆ្អែតនឹងទង្វើដែលគាត់បានធ្វើ មកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះរូប និងវីដេអូ (video) ទាំងនេះ ដើម្បីអោយបងប្អូន និងមហាជន ជួយរកយុត្តិធម៌មកលើ រូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើល ថាតើទង្វើហិង្សាបែបនេះ វាសមនឹង ជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ) …… ហេតុដូចនេះ សូមបងប្អូនអ៊ុំពូ មីង ទាំងអស់ ជួយចែករំលែក ដើម្បីអោយរឿងនេះ បានដឹងដល់លោកពូ អភិបាលខេត្តកំពត បានជ្រាប​នឹងជួយរកយុត្តិធម៌មកកាន់នាងខ្ញុំ៕ V / N