​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គានី​ស្ថានបាន​សម្លាប់​មេដឹក​នាំ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​ដែល​បាន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​ទាហាន​អាម៉េរិក​១៣​នាក់​និង​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​ប្រមាណ​១៧០​នាក់​ទៀត​នៅ​ក្រៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​កាលពី​ខែ​សីហា​ឆ្នាំ​២០២១​។​

​យោធា​អាម៉េរិក​កាលពី​ចុង​សប្តាហ៍​បានចាប់ផ្តើម​ជូនដំណឹង​ទៅកាន់​ក្រុមគ្រួសារ​របស់​ទាហាន​ម៉ា​រី​ន​១១​នាក់ គ្រួសារ​របស់​ទាហានជើងគោក​ម្នាក់​និង​ជើង​ទឹក​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ការផ្ទុះ​ពេល​យាម​​ការពារ​ប្រតិបត្តិ​ជម្លៀស​ពលរដ្ឋ​និង​ទាហាន​អាម៉េរិក​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​។​

​មេដឹកនាំ​IS​ដែល​អត្តសញ្ញាណ​មិន​ត្រូវ​បាន​បញ្ចេញ ត្រូវបាន​សម្លាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ខាងត្បូង​កាលពីដើម​ខែ​មេសា នៅពេល​ក្រុម​តា​លី​បង់​បើក​ប្រតិបត្តិការ​បន្តបន្ទាប់​លើ​ក្រុម​IS​។​

​រូប​បញ្ចេញ​ដោយ​ក្រសួង​ការពារជាតិ​បង្ហាញ ទាហាន​ម៉ា​រី​ន​អាម៉េរិកនៅ​មាត់​ច្រក​អាកាសយានដ្ឋាន​និង​ការផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​២៦​សីហា ២០២១

​ការផ្ទុះ​នៅ​ទ្វារ​ចូល​អាកាសយានដ្ឋាន​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មន្ត្រី​លោក​ខាងលិច​បាន​ព្រមាន​អំពី​ការវាយប្រហារ​ធំ​មួយ និង​អំពាវនាវ​អោយ​មនុស្ស​ចាកចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​។​តែ​​ការណែនាំ​នេះ​មិន​ត្រូវបាន​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​អើពើ​ក្នុងពេល​ពួកគេ​ខិតខំ​គេច​ចេញពី​ប្រទេស​ដែល​ទើប​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​ឧទ្ទាម​តា​លី​បង់​។​

​សូមបញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គានី​ស្ថានដែលមាន​សមាជិក​ប្រមាណ​៤.០០០​នាក់ ឥឡូវ​ជា​សត្រូវ​ធំ​បំផុត​របស់​ក្រុម​តា​លី​បង់​។​ក្រុម​នេះ​បាន​ធ្វើ​ការវាយប្រហា​រ​បន្តបន្ទាប់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី​ក្រុម​​តា​លី​បង់​ចូល​កាន់កាប់​អំណាច ៕