ប​.​ស​.​ស ស្នើ​មន្ទីរពេទ្យ​ជា​ដៃគូ​ត្រូវ​ចូលរួម​ឲ្យ​បាន​ខ្ពស់ ដើម្បី​ផ្តល់​សេវា​ដល់​កម្មករនិយោជិត​

2736
ចែករម្លែក
  • 9
    Shares

​ដោយ​: ពៅ និមល / ភ្នំពេញ​: ស្របតាម​ការណែនាំ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តម្រូវ​ឲ្យ​កម្មករនិយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ទទួលបាន​សេវា​គាំពារ​សង្គម​។ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់ ប​.​ស​.​ស បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយនឹង​មូលដ្ឋាន​សុខាភិបាល​ថ្នាក់ជាតិ​ចំនួន​០៥ នៅ​ធានី​ភ្នំពេញ អំពី​ការកំណត់​តម្លៃ​ឱសថ​ក្រៅពី​បញ្ជី​ឱសថ​សារវន្ត​សម្រាប់​ព្យាបាល​ជំងឺលើសឈាម ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​សារ​ធាតុគីមី​សម្រាប់​ព្យាបាល​ជំងឺមហារីក ជូន​ដល់​សមាជិក ប​.​ស​.​ស​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​លើ​ការផ្តល់សេវា​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ទៅ​ទទួល​សេវា​របស់​សមាជិក ប​.​ស​.​ស នៅតាម​មូលដ្ឋាន​សុខាភិបាល​ថ្នាក់ជាតិ​ទាំង​០៥ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស ឲ្យ​ទៅប្រើ​ប្រាស់​សេវា​ពិនិត្យ និង​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​។​

​លោក ស៊ុំ សោភ័ណ នាយករង ប​.​ស​.​ស នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួលបន្ទុក​ផ្នែក​ថែទាំ​សុខភាព បាន​លើកឡើងថា កម្មករនិយោជិត​មួយចំនួន​នៅ​មិនទាន់​យល់ដឹង​ពី​នីតិវិធី ក្នុងការ​ទៅ​ទទួល​សេវា​ពិនិត្យ ព្យាបាល​ដោយ​ឥតគិតថ្លៃ (​មិន​បង់ប្រាក់​) ពី​មន្ទីរពេទ្យ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​នៅឡើយ​ទេ​។ ដូច្នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ​និយោជិត គឺ​សូម​ឲ្យ​មានការ​ចូលរួម​យកចិត្តទុកដាក់​បន្ថែម​ទៀត​ពី​ខាង​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់ថា ដើម្បី​បង្កើន​ការផ្តល់សេវា​ដល់ក​ម្មក​និយោជិត​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ គិត​រហូតមក​ដល់ពេលនេះ ប​.​ស​.​ស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មន្ទីរពេទ្យ​ឯកជន​ទូទាំងប្រទេស​សរុប​ចំនួន​១.៣២៥​មូលដ្ឋាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម